(ភ្នំពេញ)៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហាញបញ្ជីឈ្មោះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៥នាក់សម្រាប់ត្រៀមបញ្ជូនទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិននាពេលឆាប់ៗខាងមុខ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង។

ក្នុងចំណោមអត្តពលិកផ្នែកកីឡាអត្តពលកម្ម ដែលត្រៀមបញ្ជូនទៅហ្វឹកហាត់ចិននាពេលខាងមុខ គឺមានគ្រូបង្វឹកម្នាក់ លោក គៀង សាម៉ន រួមជាមួយកីឡាករ-កីឡាការិនី ១៤នាក់ លើ ៩វិញ្ញាសា រួមមានកីឡាកលោតចម្ងាយ ហឿន ចាវ, កីឡាករចោលដុំដែក ស៊ឹម សាមឌី, កីឡាករលោតកម្ពស់ រ៉ឹម ចាន់រដ្ឋា និងកីឡាការិនីចោលដុំដែក ផន សុវណ្ណារ៉ា។

រីឯ ១០នាក់ទៀត មានកីឡាករ ណឹប ច័ន្ទយូរ៉ុង និងកីឡាការិនី ឌួង ស្រីភាព (វិញ្ញាសារត់ ១០០ម៉ែត្រ), កីឡាករ ទត សាលីន និងកីឡាការិនី សាង លីដា (វិញ្ញាសារត់ ២០០ម៉ែត្រ), កីឡាករ យ៉ាត ពិទូចាន់ទិវា និងកីឡាករ សាត ឧត្តម (វិញ្ញាសារត់ ៤០០ម៉ែត្រ), កីឡាករ ឈុន ប៊ុនថន និងកីឡាការិនី កាន់ ស្រីរ័ត្ន (វិញ្ញាសារត់ ៨០០ម៉ែត្រ), កីឡាករ ផាត សុភុត (វិញ្ញាសារត់ ១,៥០០ម៉ែត្រ) និងកីឡាករ ឧក រ៉ូហីត (វិញ្ញាសារត់ ៥,០០០ម៉ែត្រ)។

តាមផែនការ អត្តពលិកខាងលើគ្រោងចេញទៅហាត់នៅចិននាចុងខែនេះ តាមរយៈគម្រោងអភិវឌ្ឍន៍កីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការរវាងកម្ពុជា-ចិន បន្ទាប់ពីរដ្ឋាភិបាលចិនបានឯកភាពក្នុងការផ្ដល់ជំនួយឥតសំណងដល់ការបណ្ដុះបណ្ដាលរយៈពេល ៣ខែ ដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ១៣៥នាក់ លើ ១២ប្រភេទកីឡា ដើម្បីត្រៀមការប្រកួតស៊ីហ្គេម។

សម្រាប់កីឡាអត្តពលកម្ម ក្រៅពីការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅចិនជាមួយអត្តពលិក ១១ប្រភេទកីឡាផ្សេងទៀត សហព័ន្ធក៏បានបញ្ជូនកីឡាករម្នាក់ទៅហ្វឹកហាត់រយៈពេល ៨ខែនៅជប៉ុនផងដែរ គឺកីឡាករ ប៉ែន សុខគង់ ដែលបច្ចុប្បន្នកីឡាកររត់ល្បឿនចម្ងាយ ១០០ម៉ែត្រនេះ កំពុងហ្វឹកហាត់នៅជប៉ុន បន្ទាប់ពីរូបគេបញ្ចប់បេសកកម្មប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ កាលពីពេលថ្មីៗកន្លងទៅ៕