(តូរីន)៖ កីឡាករប្រណាំងរថយន្ត Formula 1 ដែលបើកឲ្យក្រុម Alfa Romeo កីឡាករ Kimi Raikkonen នឹងអវត្តមានពីកម្មវិធីប្រកួត F1 Italian Grand Prix 2021 របស់អ៉ីតាលី ដោយរូបលោកបានតេស្តវិជ្ជមាន COVID-19 នៅពេលចាប់ផ្តើមនាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

បុរសវ័យ ៤១ឆ្នាំ Raikkonen ក៏មិនបានចូលរូមការប្រកួតពានហូឡង់ Dutch Grand Prix 2021 កាលពីសប្តាហ៍មុនផងដែរ ក្នុងបញ្ហាតេស្តវិជ្ជមាន COVID-19 ហើយក៏មិនបានត្រឡប់មកវិញនោះទេ ខណៈកីឡាករ Robert Kubica នឹងបន្តជំនួសតំណែង Raikkonen នៅការប្រកួតចុងសប្តាហ៍នេះបន្តទៀតនៅឯទីលាន Nazionale Monza ប្រទេសអ៉ីតាលី។

Raikkonen ក៏មានរបាយការណ៍ពីក្រុមគ្រូពេទ្យថា មិនមានរោគសញ្ញានោះទេ ហើយក៏កំពុងសម្រាកដាច់ដោយឡែកនៅផ្ទះ ហើយរូបលោកក៏ធ្លាប់ប្រកាសចូលនិវត្តន៍ ក្រោយបញ្ចប់រដូវកាល F1 2021 នេះ។

គួរបញ្ជាក់ផងថា ការប្រកួតប្រណាំងរថយន្ត F1 Italian Grand Prix 2021 នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដែលមាន ៥៣ ជុំនៃរយៈចម្ងាយ ៥,៧៩៣គីឡូម៉ែត្រ ហើយនេះជាកម្មវិធីទី១៥ នៃព្រឹត្តិការណ៍ទាំង ២៣នារដូវកាលនេះ៕