(ភ្នំពេញ)៖ អាចចាត់ទុកថា ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលនៅមុននេះបន្តិចតារាស្រីចូលចិត្តបញ្ចេញ ដើមទ្រូងមូលក្បំសិចស៉ី កញ្ញា រតនៈ ពិសី បានបង្ហាញរថយន្តទំនើបថ្មីសន្លាងមួយគ្រឿង មានតម្លៃប្រមាណជាង១០ម៉ឺនដុល្លារ ដែលជាកាដូថ្មីសម្រាប់ខ្លួនឯង ខណៈដែលអ្នកសិល្បៈមួយចំនួនធំ កំពុងតែជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្លូន ព្រោះតែការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយការងារសិល្បៈត្រូវបានផ្អាកសកម្មភាព។

មិនខុសពីអ្នកសិល្បៈមួយចំនួន ព្រោះតែសកម្មភាពការងារសិល្បៈរបស់ពួកគេ ត្រូវបានផ្អាកស្ទើរតែទាំងស្រុង ក្នុងដំណាក់កាលនៃជំងឺកូវី-១៩ តារាចម្រៀង សិចស៉ី រតនៈ ពិសី ក៏បាត់សកម្មភាពសិល្បៈស្ទើរ តែទាំងស្រុងដែរ ក្នុងរយៈពេល២ឆ្នាំមកនេះ ខណៈមហាជន និងអ្នកគាំទ្រកំពុងតែឆ្ងល់ថា ហេតុអ្វីបានជាតារា រតនៈ ពិសី មានលុយរាប់សិបម៉ឺន ទិញរថយន្តចជិះយ៉ាងឡូយបែបនេះ? ឬមួយក៏នាងមានជំនួយឧបត្ថម្ភ ពីគូស្នេហ៍របស់នាង?

ឆ្លើយតបជាមួយនឹងចម្ងល់នេះ តារាចម្រៀងសិចស៉ី ប្រចាំក្នុងផលិតកម្ម ថោន កញ្ញា រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិចថា ជាការពិតនាងទើបតែទិញឡានទំនើបមួយគ្រឿងម៉ាក Land Cruiser 2020 តម្លៃជាង១០ម៉ឺនដុល្លារ ខណៈរថយន្តនេះជារថយន្តទិញបន្តពីគេ ពុំមែនថ្មីបកពីកេសនោះឡើយ។ ទោះជាយ៉ាងណា រតនៈ ពិសី បានបញ្ជាក់ថា ប្រភពថវិកាដែលទិញរថយន្តនេះ គឺបានមកពីកម្លាំងញើសឈាមរបស់នាងផ្ទាល់ ដែលបានខិតខំរកស៉ី លក់ផលិតផលសុទ្ធពីអាមេរិក មកក្នុងទីផ្សាររបស់ប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តារាចម្រៀងរាងតូចច្រឡឹង រតនៈ ពិសី បញ្ជាក់ថា «ច៎ាបង..! ខ្ញុំទិញឡាននេះ គឺជាកម្លាំងញើសឈាមរបស់ខ្ញុំបង! ហើយទិញលុយសុទ្ធមិនបានបង់រំលស់នោះទេ។ ដូចបងប្អូនដឹងហើយថា បន្ទាប់ពីការងារសិល្បៈរបស់ខ្ញុំត្រូវបានផ្អាកមក ខ្ញុំក៏មិនសូវមានពេលទំនេរដែរបង គឺខ្ញុំខិតខំរកស៉ីដោយបាននាំយកផលិតផល ពីអាមេរិកមកលក់នៅស្រុកខ្មែរ ហើយក៏ចេះតែទទួលបានការគាំទ្រជាបន្តបន្ទាប់ ទើបសន្សំលុយបានរហូតដល់ថ្ងៃនេះ..!»

ដោយឡែកសម្រាប់រឿងរ៉ាវស្នេហា ជាមួយនឹងម្ចាស់ចិត្តរបស់នាង ដែលជាអនិកជនខ្មែររស់នៅអាមេរិកនោះ ក៏ហាក់បីដូចជាស្ងប់ស្ងាត់ ក្នុងអំឡុងពេលកូវីដ១៩ វាយលុក ព្រោះតែជើងហោះហើរនានាត្រូវបានផ្អាក ធ្វើឲ្យនាង និងគូស្នេហ៍មិនបានជួបគ្នា។ ប៉ុន្តែជំនួញរកស៊ីថ្មីរបស់នាង ក្នុងការនាំផលិតផលមកពីសហរដ្ឋអាមេរិក គឺត្រូវបានគេដឹងថា មានការសម្របសម្រួលពីគូស្នេហ៍របស់នាង ទើបការងារនេះប្រព្រឹត្តិទៅដោយរលូន និងទទួលស្គាល់ទៅតាមច្បាប់។

យ៉ាងណាមិញ ងាកមកការងារសិល្បៈវិញ កន្លងមក កញ្ញា រតនៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសរើស ជាតារាចម្រៀងតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន កាលពីពេលកន្លងទៅ។ បន្ថែមពីនេះ នាងក៏ធ្លាប់បានចេញទៅសម្តែង និងច្រៀងរយៈពេល៣ខែ នៅប្រទេសអូស្ត្រាលី។ បច្ចប្បន្ននេះ រតនៈ ពិសី ក៏កំពុងត្រៀមចេញបទចម្រៀងថ្មីៗ បន្ថែមទៀតនៅក្នុងផលិតកម្ម ថោន ផងដែរ៕