(ភ្នំពេញ)៖ ពិធីករសម្បូរវោហាស័ព្ទក្នុងកម្មវិធី «ពេញចិត្តឬអត់?» ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ My TV លោកតាប៊ុយ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលនៅថ្ងៃនេះ បន្ទាប់ពីលោកបានប្រកាស ជាផ្លូវការថា លោកបានសម្រេចចិត្តដើរចេញពីស្ថានីយ៍ទូរទស្សន៍ My TV ហើយ ក្រោយរស់នៅក្នុងទ្រនំនេះអស់រយៈពេល១៣ឆ្នាំ ក្រោមហេតុផលចង់សំរាកខួរក្បាល ដើរលេងឲ្យសប្បាយ និងឲ្យកាដូខ្លួន ព្រោះ ដាក់សំពាធលើខ្លួនឯងយូរពេកហើយ។

តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ តាប៊ុយ នៅប៉ុន្មានម៉ោងមុននេះ បានប្រកាសថា «នាថ្ងៃនេះខ្ញុំបានសំរេចចិត្ត ចាកចេញពី MyTVហើយ បន្ទាប់ពីបានបំរើការងារនៅទីនេះ អស់រយៈពេលជិត១៣ឆ្នាំ សម្រាប់ការចាកចេញនេះ គឺខ្ញុំ និង MyTV មិនមានបញ្ហាអ្វីនឹងគ្មាទេ គឺគ្រាន់តែខ្ញុំមានអារម្មណ៍ថា ហត់នឿយ និងចង់ឲ្យខ្លួនឯងមាន សេរីភាព និងគេងលក់ស្រួលបានដូចគេ ខ្ញុំសូមនិយាយថា នាពេលកន្លងមក ខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹង ពីខាងស្ថានីយ៍ និងការផ្តល់ឱកាសជាច្រើន តាំងតែពីថ្ងៃដំបូង ដែលខ្ញុំឈានជើងចូល MyTV»

លោក តាប៊ុយ ក៏បានថ្លែងអំណរគុណ ដល់ MyTV ដែលយល់ព្រមតាមការសំរេចចិត្តរបស់លោក ខណៈដែលលោកមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ក្នុងនោះការងាររាល់ថ្ងៃនៅក្នុងស្ថានីយ៍ទូរទស្សន៍ My TV គឺលោកមានតួនាទី ជាពិធីករផង ផលិតករផង កក់ Studio ក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួនឯង ពិសេសត្រូវចំណាយពេល ស្រាវជ្រាវរកគំនិតថ្មីៗទៀត។ លោកចង់និយាយថា ហត់ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយសំរួលការងារក៏ដោយ។

ពិធីករញញឹមស្រស់រូបនេះបន្តថា នាពេលនេះ គឺចង់សំរាកខួរក្បាល ដើរលេង និងឲ្យកាដូខ្លួនឯងម្តងព្រោះ ដាក់សំពាធលើខ្លួនឯង ជាយូរពេកហើយ វាហាក់បីដូចជាក្រៀមក្រំ ដែលត្រូវដើរចេញពីកន្លែង ដែលលោកធ្លាប់ហៅថា ជាផ្ទះទី២ តែលោកសប្បាយចិត្ត ព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមាន Stress។

«បើនិយាយពីទំនាក់ទំនងរវាងខ្ញុំ និង MyT គឺច្រើនរហូតខ្ញុំនៅតែចងចាំ ព្រោះ MyTV បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ១៨០ដឺក្រេ ពីសិស្សសាលាងាកមកធ្វើការងាររបៀបមនុស្សធំ និងបង្រៀនខ្ញុំពីចំណុចសូន្យ រហូតមកខ្ញំជាមនុស្សម្នាក់ ដែលបងប្អូនស្គាល់សព្វថ្ងៃ ក៏ដូចជាឱកាសមាសដល់ខ្ញុំ គឺការបញ្ជូនខ្ញុំទៅបណ្តាប្រទេសល្បីៗ ដើម្បីទទួលយក ចំណេះដឹងថ្មីៗ»។ លោក តាប៊ុយ បញ្ជាក់បន្ថែម។

គួរជម្រាបថា VJ តាប៊ុយ ត្រូវបានទស្សនិកជនខ្មែរស្គាល់កាន់តែច្រើន និងមានភាពល្បីល្បាញ តាមរយៈការធ្វើជាពិធីករក្នុងកម្មវិធី «ពេញចិត្តឬអត់» របស់ស្ថានីយទូរទស្សន៍ MYTV។ តាមរយៈការបញ្ចេញទេពកោសល្យ លើឆាកនៃកម្មវិធីនេះ លោកបានធ្វើឲ្យអ្នកទស្សនា ទប់សំណើចមិនជាប់ ជាមួយវោហាស័ព្ទបែបកំប្លុកកំប្លែង មិនចេះរីងស្ងួត។ ជាពិសេសលោក ត្រូវបានគេដឹងថា ជាដៃគូយ៉ាងស័ក្តិសមជាមួយ កញ្ញា សុភ័ក្រ្ត កុសុម៉ា ក៏ប៉ុន្តែនាងបានឈប់ធ្វើជាពិធីការិនី ពីកម្មវិធីទូរទស្សន៍នេះ ជាង១ឆ្នាំហើយ ហើយមកដល់ពេលនេះ ក៏ត្រូវបានលោក តាប៊ុយ សម្រេចចិត្តដើរចេញបន្តទៀត៕