(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធ Sergio Aguero បានលើកឡើងថា លោកមិនសោកស្តាយនោះទេ ចំពោះការចុះកិច្ចសន្យាជាមួយក្លិប Barcelona បើទោះបីជាដឹងថា មិត្តភក្តិដ៏ជិតស្និទ្ធ កីឡាករ Lionel Messi បានចាកចេញពីក្លិប ក្នុងការរដូវកាលដោះដូរកីឡាករជាមួយគ្នាក៏ដោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

កីឡាករសញ្ជាតិអាហ្សង់ទីន, ដែលបានចូលរួមជាមួយក្លិប ក្នុងលក្ខខណ្ឌផ្ទេរដោយឥតតម្លៃខ្លួន មកពីក្លិប Manchester City រូបនេះ, បានលើកឡើងថា លោករីករាយជាមួយនឹងការសម្រេចចិត្ត ដែលលោកបានធ្វើឡើង, បើទោះបីជាក្លិបកាត់ប្រាក់ឈ្នួលក្តី។

«នៅពេលដែលយើងនិយាយពីក្លិប Barca យើងបានដឹងហើយអំពីហិរញ្ញវត្ថុរបស់ពួកគេ, ប៉ុន្តែខ្ញុំបានប្រាប់ភ្នាក់ងាររបស់ខ្ញុំថា ខ្ញុំមិនខ្វល់ពីប្រាក់នោះទេ, គ្រប់យ៉ាងគឺខ្ញុំចង់ចុះកិច្ចសន្យាជាមួយ Barca បើទោះបីជាវាមានន័យថា មិនអាចរកប្រាក់ចំណូល បានដូចដែរខ្ញុំលេងនៅក្លិប City ក្តី», នេះបើតាមសម្តី Aguero។

Aguero បានទទួលស្គាល់ថា លោកធ្លាប់បានជជែកគ្នាជាមួយកីឡាករ Messi អំពីស្ថានភាពរបស់លោក, លើសពីនោះ លោកបានច្រានចោល នូវសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានសរសេរលើកិច្ចសន្យារបស់លោកថា ត្រូវអនុញ្ញាតឲ្យលោកចាកចេញ ប្រសិនបើកីឡាកររួមជាតិរបស់លោក (Messi) បានចាកចេញ៕