(ឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានសំលឹងមើលកីឡាករ Saul Niguez អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងរំភើបរីករាយ ចំពោះឱកាសនៃការចុះកិច្ចសន្យាជាមួយកីឡាកររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League មួយនេះ ត្រូវការចាំបាច់ក្នុងការពង្រឹងតំបន់បម្រើរបស់ខ្លួន។ នេះបើតាមសម្តីអ្នកចាត់ការ Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

Chelsea មិនបានបង្ហាញលម្អិតពីការចុះកិច្ចសន្យាខ្ចីជើង យឺតយ៉ាវក្នុងថ្ងៃផុតកំណត់នៃកីឡាករតម្លៃខ្លួនខ្ពស់ សញ្ជាតិអេស្ប៉ាញនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្លិបមានមូលដ្ឋាននៅទីក្រុង London នេះ មានជម្រើសក្នុងការទិញ កីឡាករវ័យ ២៦ឆ្នាំនេះ ក្នុងតម្លៃ៤០លានអឺរ៉ូ (៤៧,២៩លានដុល្លារ) បានដាក់រួមបញ្ចូលក្នុងកិច្ចសន្យានេះ។

«ខ្ញុំមានការព្រួយបារម្ភក្នុងរដូវកាលនេះ ដែលមានតែកីឡាករ Jorginho, Mateo (Kovacic) និងកីឡាករ N'Golo (Kante)។ មិនមែនដោយសារតែខ្វះគុណភាព ឬចរិតលក្ខណៈនោះទេ... ប៉ុន្តែអ្វីៗមិនអាចទាយទុកជាមុនបាន» នេះបើតាមសម្តីលោក Tuchel បានប្រាប់អ្នកសារព័ត៌មាន។

លោកបន្ថែមថា «ព្រឹត្តិការណ៍ Club World Cup ដែលធ្វើឡើងនៅខែធ្នូខាងមុខ ហើយមិនមានអ្នកដឹងទេថា មានការប្រកួតប៉ុន្មាន (យើងនឹងត្រូវប្រកួត)។ ប្រសិនបើមានកីឡាករម្នាក់របួស, ម្នាក់ត្រូវព្យួរជើង, អ្នកគឺមានគ្រោះថ្នាក់។ ដូច្នេះយើងស្វែងរកជម្រើសផ្សេង ហើយកីឡាករ Saul គឺជាគោលដៅរបស់ Chelsea អស់រយៈពេលជាច្រើនឆ្នាំ»

ជាមួយនឹងកីឡាករ Kante ខកខានការប្រកួត ដោយសាររងរបួសបាតជើង Saul អាចនឹងចូលរួម នៅពេលដែល Chelsea ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Aston Villa នៅថ្ងៃសៅរ៍សប្តាហ៍នេះ ស្របពេលលោក Tuchel បានបញ្ជាក់ថា កីឡាករ Christian Pulisic ត្រូវផ្អាកសកម្មភាព ១០ថ្ងៃ ដោយសាររបួសកជើង៕