(ភ្នំពេញ)៖ ស្របពេលដែលបទចម្រៀង និង MV ថ្មីៗរបស់ផលិតកម្មដាវីត្រា កំពុងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព, Facebook ផ្លូវការរបស់ផលិតកម្មនេះ ត្រូវបានជនអនាមិក (Hacker) ចូលកាន់កាប់ (Hack) ដោយបានបង្ហោះវីដេអូ និងរូបភាពនានា ដែលមិនមែនជារបស់ផលិតកម្មដាវីត្រា។

គណៈគ្រប់គ្រងរបស់ផលិតកម្មដាវីត្រាមីឌៀ (Davitra Media) សូមជម្រាបជនអ្នកគាំទ្រ និងសាធារណជនឱ្យបានជ្រាបថា «យើងខ្ញុំសូមមិនទទួលខុសត្រូវ រាល់ការផុសរូបភាពផ្សេងៗ ឬវីដេអូណាក្រៅពីបទចម្រៀង ដែលប្រាសចាកពីក្រមសីលធម៌ ណាមួយមិនសមរម្យ ផ្ទុយនឹងច្បាប់ ដោយរាល់ការ Post មិនមែនជាសកម្មភាពរបស់ក្រុមការងារ Davitra Media ឡើយ។ ផលិតកម្មយើងខ្ញុំនៅតែបន្តបង្ហោះបទចម្រៀង និង MV ថ្មីៗដើម្បីបម្រើអារម្មណ៍របស់អ្នកគាំទ្រយើងជាធម្មតា»

ជាមួយគ្នានេះ បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងដោះស្រាយបញ្ហានេះ ជាបន្ទាន់ជាមួយក្រុមហ៊ុនហ្វេសប៊ុកផងដែរ។

សូមបញ្ជាក់ថា ផលិតកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុក ដែលផលិតតែបទចម្រៀងមិនចម្លងគេ (Oringal Song) ដែលកំពុងទទួលបានការកោតសរសើរ និងចាប់អារម្មណ៍ពីសាធារណជន៕