(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ដោះផ្ដងគ្នា តាមរយៈបណ្ដាញសង្គម ពីសំណាក់តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនឹងអ្នកគាំទ្រ របស់តារាចម្រៀង បាន មុន្នីល័ក្ខ ក្រោយពីតារាចម្រៀង បាន មុន្នីល័ក្ខ បានយកស្នាដៃរបស់អ្នកនាង ម៉េង កែវពេជ្ជតា គឺបទ «ជំនោរដើមខែ» ដោមិនបានដាក់ឈ្មោះម្ចាស់ដើមរួចមក រហូតមកដល់ពេលនេះ តារាចម្រៀង បាន មុន្នីល័ក្ខ ក៏បានចេញមុខសូមការអភ័យទោស ពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជតា នូវកំហុសឆ្គងអចេតនារបស់ខ្លួន។ ទោះជាយ៉ាងណា អ្នកនាង ម៉េង កែវពេជ្ជតា មិនទាន់ទទួលយកការសូមទោសនេះទេ ដោយស្នើដល់តារាចម្រៀង បាន មុន្នីល័ក្ខ លុបវីដេអូបទចម្រៀងទាំងអស់ ដែលរូបនាងបានយកទៅច្រៀង ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម (បទរបស់អ្នកនាង ម៉េង កែវពេជ្ជតា) ចេញពីបណ្ដាញសង្គមយូធូបទាំងអស់ ហើយបើមិនដូច្នោះទេ អ្នកនាងនឹងប្រគល់រឿងនេះ ឲ្យប្រព័ន្ធច្បាប់ជាអ្នក ដោះស្រាយហើយ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ជាក់ច្បាស់តាមរយៈខ្លឹមសារ ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនជាទីស្រលាញ់ ប្អូនស្រី មុន្នីល័ក្ខបានផ្ញើសារមកខ្ញុំ។ នាងបានរៀបរាប់ដូចអ្វីដែលខ្ញុំបង្ហាញ។ ហើយនាងក៏បានសូមទោសខ្ញុំ។ ពេលនេះខ្ញុំ មិនទាន់ទទួលពាក្យសូមទោសពីនាងទេ ព្រោះកំហុសលើកមុន ដែលនាងសន្យាថា កែសម្រួលនាងនៅមិនទាន់បានធ្វើផង ដូច្នេះខ្ញុំអាចទទួលពាក្យសូមទោសពីនាងបានលុះត្រាតែនាងលុប Video បទចម្រៀងទាំងអស់ ដែលជាបទចម្រៀងខ្ញុំនាងយកច្រៀង មិនដាក់ឈ្មោះចេញពីយូធូប សិន បើមិនដូច្នោះទេ មានតែផ្លូវច្បាប់មួយមុខគត់។ (ពាក្យសន្យារបស់នាងលើកមុន ខ្ញុំមានទាំងអស់)»។

ម៉េង កែវពេជ្ជតា បានបន្តទៀតថា «ចំពោះមុន្នីល័ក្ខ បងបានទុកពេលឲ្យអូនច្រើនដងហើយ រាប់ទាំងមួយឆ្នាំមុនផង ដែលអូនសន្យាថា សរសេរឈ្មោះបងបញ្ចូលក្នុងវីដេអូចម្រៀង ជាបទរបស់បងដែលអូនច្រៀងមិនដាក់ឈ្មោះបង ជាម្ចាស់សំនៀងដើម តែអូនមិនធ្វើ និងក្រោយពីសូមទោសសន្យាថាឈប់ មិនបានប៉ុន្មានថ្ងៃ អូនបានថតបង្ហោះហូរហែមកទៀត ដោយគ្មានឈ្មោះបងដដែល។ ពេលនេះអូនបង្កកំហុសដូចមុនម្តងទៀត គឺបទ ជំនោរដើមខែ។ នៅពេលបងធ្វើការតស៊ូមតិ សុំការចូលរួមអភិរក្សស្នាដៃ និងម្ចាស់ស្នាដៃដើម បងក៏ត្រូវទទួលរងការជេរប្រមាថ គំរាមកំហែង រំខានអារម្មណ៍ជាច្រើន ពីហ្វ៊ែនរបស់អូនតែម្នាក់ឯង ចំណែកអូនដែលយកបទបងជាច្រើន ទៅច្រៀងកើបលុយដាក់កាបូបខ្លួនឯង បែរជាសំងំឈរឱបដៃមើលគេជេរប្រមាថបង ធ្វើព្រងើយ»

អ្នកនាងបន្ថែមថា បើទោះគេនោះជាហ្វ៊ែនឬមិនមែន តែក្នុងនាមអូនធ្លាប់បានលុយ ដោយសារបទចម្រៀងបង អូនគួរតែបញ្ឈប់ពួកគេ ក៏ដើម្បីភាពស្អាតស្អំរបស់អូនផងដែរ តែអូនជាមនុស្សគ្មានការទទួលខុសត្រូវ។ អូនមិនមែនច្រៀងបទរបស់បងព្រោះស្រឡាញ់បងទេ គឺអូនចង់បំផ្លាញបង និងចង់បំបាត់ឈ្មោះបងពីចម្រៀងរបស់បងទៅវិញទើបអូនធ្វើដូច្នេះ។ ឥឡូវបងហត់នឿយណាស់ ហត់នឹងការបង្ករឿងរបស់អូនណាស់ ដូច្នេះមានតែម្យ៉ាងគត់ គឺបងសូមប្រគល់បញ្ហានេះឲ្យអូន ស្រាយវាដោយខ្លួនឯង ព្រោះអូនជាអ្នកចង។

តារាចម្រៀងសំនៀងរៃកណ្ដឹង រូបនេះ បានបន្តថា «បងមិនទាន់គិតអវិជ្ជមានលើអូនទេថា រឿងអួរអាប់ទាំងប៉ុន្មាន គឺជាគំនិតអាក្រក់របស់អូនដែលរៀបចំឡើង តាមនិស្ស័យចូលចិត្តមើលឃើញគ្រប់គ្នាត្រូវក្តៅក្រហាយ និងសប្បាយពេលឃើញគេជាន់ឈ្លីកិត្តិយសបង ព្រោះពីរដងហើយឲ្យតែបងមានប្រតិកម្មជាមួយអូន គឺតែងតែមានអាខោនខ្មោចចូលមកជេរបងយ៉ាងសាហាវ ប៉ុន្តែអូនមិនដែលរវល់ សូម្បីតែសួរសុខទុក្ខបងតាមឆាត មួយម៉ាត់ក៏គ្មាន។ អូនពិតជាមនុស្សចេះផឹកទឹកមិននឹកប្រភពដើមមែន ! សូមអរគុណប្អូនស្រីល្អ !»

យ៉ាងណាក្ដី បន្ទាប់ពីមានប្រតិកម្មពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជតា និងមិនព្រមទទួលយកការសូមទោសនេះមក មហាជនកំពុងរង់ចាំមើលថា តើតារាចម្រៀង បាន មុន្នីល័ក្ខ នឹងមានសកម្មភាពអ្វីបន្តទៀត ព្រោះបញ្ហានេះត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា អះអាងថា កើតឡើងច្រើនដងមកហើយ ប៉ុន្តែ បាន មុន្នីល័ក្ខ នៅតែមិនបានគោរពតាមគោលការណ៍ ដែលអ្នកនាង ម៉េង កែវពេជ្ជតា បានប្រាប់និងស្នើសុំ៕