(ញូវយ៉ក)៖ Emma Raducanu ក្លាយជាស្ត្រីអង់គ្លេសទី២ នៃរយៈពេល ៤៤ឆ្នាំ បើសិនឈ្នះពានវាយកូនបាល់ (Tennis) US Open 2021 ហើយនេះជាការឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ បន្ទាប់ពីអតីតស្រ្តីអង់គ្លេស Virginia Wade បានឈ្នះពាន (Tennis) Wimbledon កាលឆ្នាំ១៩៧៧។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

Emma បច្ចុប្បន្នមានវ័យ ១៨ឆ្នាំបានកំពុងឈរលេខរៀងទី១៥០ ពិភពលោក បានក្លាយជាស្ត្រីអង់គ្លេសដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ US Open 2021 ស្ថិតក្នុងកម្រិតលំដាប់ប្រកួត Grand Slam ផ្នែកវាយកូនបាល់អាជីព (Tennis) ដោយរូបនាងត្រូវប៉ះកីឡាការិនីឈរលេខ ៧៣ពិភពលោក សញ្ជាតិកាណាដា Leylah Fernandez ដែលមានវ័យ ១៩ឆ្នាំ។

ដោយគិតចាប់តាំងពីឆ្នាំ១៩៧៧ មិនទាន់មានកីឡាការិនីអង់គ្លេស ម្នាក់ណាឡើងដល់វគ្គនេះនោះទេ គ្រាដែល Emma នឹងក្លាយជាស្ត្រីអង់គ្លេសទី២ បើសិនជាឈ្នះពានកម្រិត US Open នារដូវកាលឆ្នាំ២០២១ បន្ទាប់ពីលោកស្រី Virginia Wade ទទួលជ័យជម្នះកាលឆ្នាំ១៩៦៨ ដែលគិតមកដល់ឆ្នាំ២០២១នេះ មានរយៈពេល ៥៣ឆ្នាំនៃការប្រជែងពានកម្រិត Grand Slam របស់ស្ត្រីអង់គ្លេស។

ការប្រកួតផ្នែកបុរសវគ្គផ្តាច់ព្រ័ត្រ US Open 2021 គឺជាការប៉ះគ្នារវាងជើងខ្លាំងលេខ១ ពិភពលោក Novak Djokovic ត្រូវប៉ះជើងខ្លាំងលេខ ២ពិភពលោក Daniil Medevdev ដែលការប្រកួតនឹងបញ្ចប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្រិត Grand Slam (Tennis) US Open 2021 ធ្វើនៅទឹកដីសហរដ្ឋអាមេរិក៕