(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានប្រកាសឱ្យដឹងថា ខ្លួនបានទិញយកក្រុមហ៊ុន start-up ថ្មីមួយទៀត ដែល មានឈ្មោះថា «TakeLessons» ដែលជាក្រុមហ៊ុនមួយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកក់ទុក និងប្រាក់ប្រាក់សម្រាប់រៀនអនឡាញ ដែលសេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានទិញក្រុមហ៊ុនកាត់តវីដេអូអនឡាញ Clipchamp។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា កិច្ចព្រមព្រៀងទិញលក់នេះមិនត្រូវបាន ប្រកាសបង្ហាញព័ត៌មានលម្អិតជាផ្លូវការនោះទេ ជាពិសេសគឺពាក់ព័ន្ធតម្លៃ ពោលគឺដូចគ្នាទៅនឹងការទិញយកក្រុមហ៊ុន Clipchamp ។

Microsoft ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយដែលយកចិត្តទុកដាក់ និងផ្ដោតសំខាន់ទៅលើការសិក្សាផងដែរ ហើយក៏ជាក្រុមហ៊ុនដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំក្នុងកម្រិតមួយខ្ពស់ផងដែរពីវិស័យអប់រំនេះ ដោយកាលពីឆ្នាំ២០២០ Microsoft រក ចំណូលបានពីវិស័យអប់រំ ៦ភាគរយនៃប្រាក់ចំណូលសរុប។

បច្ចុប្បន្ននេះ Microsoft បានព្យាយាមផ្សព្វផ្សាយទៅលើសេវាកម្មរៀនអនឡាញ LinkedIn Learning ហើយក៏មានអ្នកប្រើប្រាស់ជាច្រើនបាន ចុះឈ្មោះរៀនផងដែរ។ LinkedIn Learning និង TakeLessons គឺខុសគ្នា ដោយ TakeLessons ជាកម្មវិធីសិក្សារៀនអនឡាញដោយផ្ទាល់ (Live) ពោលគឺអ្នកចង់រៀនត្រូវធ្វើការ Booking មុន ទើបទទួលបានតំណភ្ជាប់សម្រាប់ចូលរៀន។

អ្នកនាំពាក្យរបស់ Microsoft បានឱ្យដឹងថា បច្ចុប្បន្នកូវីដ១៩ បានវាយលុកពាសពេញពិភពលោក និងបានធ្វើឱ្យប៉ះពាល់ស្ទើតែគ្រប់វិស័យ ព្រមទាំងបានជំរុញឱ្យការសិក្សាត្រូវធ្វើឡើងតាមអនឡាញវិញ ដូច្នេះហើយការទិញ TakeLessons គឺជាឱកាសថ្មីមួយសម្រាប់ការវិនិយោគ និង ពង្រីកវិសាល៕