(អាមេរិក)៖ អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសអ៉ីតាលី បានស្នើឱ្យក្រុមហ៊ុន Facebook ផ្ដល់ការបំភ្លឺជុំវិញវ៉ែនតាឆ្លាតវៃដែលទើបតែប្រកាស បង្ហាញជាលើកដំបូងបំផុត ថាតើផលិតផលមួយនេះបានអនុលោមតាមច្បាប់ឯកជនភាពឬអត់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

វ៉ែនតាឆ្លាតវៃរបស់ Facebook ដែលទើបតែប្រកាសបង្ហាញនោះមានសមត្ថភាពអាចស្ដាប់តន្ត្រី ខលទូរស័ព្ទ ថតរូបភាព ថតវីដេអូ និងអាច ផុសចូលទៅក្នុងបណ្ដាញសង្គមដែលមានដូចជា Facebook, Instagram និង WhatsApp បានថែមទៀតផង ដែលចំណុចទាំងនេះ ហើយ បានធ្វើឱ្យអាជ្ញាធរការពារទិន្នន័យរបស់ប្រទេសអ៊ីតាលីបង្ហាញពីក្ដីបារម្ភចំពោះឯកជនភាពរបស់អ្នកប្រើប្រាស់នោះ។

អាជ្ញាធរអ៉ីតាលីបាននិយាយថា ខ្លួនចង់ដឹងព័ត៌មានអំពីវិធានការដែល Facebook បានដាក់ចេញដើម្បីការពារមនុស្ស ដែលត្រូវបានថតជាប់នៅក្នុងវីដេអូ (សំដៅលើសកម្មភាពលួចថត) ជាពិសេសកុមារ ខណ:ដែលពិភពលោកទាំងមូលកំពុងតែយកចិត្តទុក ដាក់លើការការពារការកែងប្រវ័ញ្ចលើកុមារ និងចំណុចមួយទៀតគឺការប្រើប្រាស់មុខងារ Voice Assistant ដែលភ្ជាប់ជាមួយនឹងវ៉ែនតាឆ្លាតវៃនេះ។

ក្រុមអ្នកឃ្លាំមើលបានលើកឡើងផងដែរថា ពិតណាស់បច្ចេកវិទ្យាគឺបានជួយសម្រួលដល់ការងារមនុស្ស ប៉ុន្តែសម្រាប់មុខងារដែលមាន នៅក្នុងវ៉ែនតាឆ្លាតវៃរបស់ Facebook នេះគឺពិតជាអាចធ្វើឱ្យប៉ះពាល់ដល់ ភាពជាឯកជន ដូចជាការលួចថតរូបភាព លួចថតជាវីដេអូ និងបទល្មើស ផ្សេងៗទៀត៕