(ភ្នំពេញ)៖ តារាចម្រៀងជំនាន់ក្រោយ កញ្ញា បាន មុន្នីល័ក្ខ នៅពេលនេះបានសម្រេចលុបចម្រៀង Cover ចំណងជើងថា «ជំនោរដើមខែ» ចេញពី Channel យូធូបរបស់ខ្លួន តបតាមការស្នើសុំរបស់ អ្នកនាង ម៉េង កែវពេជ្ជតា។ ការសម្រេចលុបចេញនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពី អ្នកនាង ម៉េង កែវពេជ្ជតា មិនទទួលយកការសូមទោសពីសំណាក់ កញ្ញា បាន មុន្នីល័ក្ខ ដោយស្នើដល់តារាចម្រៀង បាន មុន្នីល័ក្ខ លុបវីដេអូបទចម្រៀងទាំងអស់ ដែលរូបនាងបានយកទៅច្រៀង ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម (បទរបស់អ្នកនាង ម៉េង កែវពេជ្ជតា) ចេញពីបណ្ដាញសង្គមយូធូបទាំងអស់ ហើយបើមិនដូច្នោះទេ អ្នកនាងនឹងប្រគល់រឿងនេះ ឲ្យប្រព័ន្ធច្បាប់ជាអ្នក ដោះស្រាយហើយ។

ឆ្លើយតបនឹងការព្រមានចាត់វិធានការតាមផ្លូវច្បាប់របស់ អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលនេះតារាស្រី បាន មុន្នីល័ក្ខ បានសម្រេចលុបចម្រៀង «ជំនោរដើមខែ» ចេញពី Channel យូធូបរបស់ខ្លួន។ កញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះសារជាដំណឹង នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «នាងខ្ញុំសូមគោរពជម្រាបសួរ ពុកម៉ែបងប្អូន និង អ្នកបង ម៉េង កែវពេជ្ជតា ចាសដោយសារ បញ្ហាពាក់ពន្ធ័នឹងបទចំរៀង «ជំនោរដើមខែ» ប៉ុន្មានថ្ងៃនេះ! ឥឡូវនេះ នាងខ្ញុំ បាន មុនីលក្ខ័ បានធ្វើការលុបបទចម្រៀងមួយបទនេះ ចេញពី ឆានែលយូធូប របស់នាងខ្ញុំរួចរាល់ហើយ ដើម្បីកុំឲ្យមានបញ្ហាមិនសប្បាយចិត្តទាំងអស់គ្នា»។

កញ្ញា បាន មុន្នីល័ក្ខ បានបន្តថា «នាងខ្ញុំ សូមសុំទោសម្តងទៀត ដែលមិនបានត្រួតពិនិត្យខាងបច្ចេកទេសឲ្យបានត្រឹមត្រូវ។ នាងខ្ញុំសូមសន្យាថា នឹងមិនឲ្យមានបញ្ហាបែបនេះ កើតឡើយទៀតទេនាងខ្ញុំសង្ឃឹមថា អ្នកបង ម៉េង កែវពេជ្ជតា និងពុកម៉ែបងប្អូនទាំងអស់គ្នា យោគយល់ និង អធ្យាស្រ័យដល់នាងខ្ញុំ»។

គួរជម្រាបថា កញ្ញា បាន មុន្នីល័ក្ខ គឺជាតារាចម្រៀងមួយរូប ដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ តារាវ័យក្មេងសម្រស់បានរូបនេះ ត្រូវបានគេដឹងថា ធ្លាប់ជាបេក្ខនារីចូលរួមប្រកួតចម្រៀង ក្នុងកម្មវិធីលំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី១ ផងដែរ ប៉ុន្តែមិនទទួលបានជ័យលាភីនោះទេ។ តែយ៉ាងណា បាន មុន្នីល័ក្ខ នៅតែរក្សារអាជីពជាតារាចម្រៀងរហូតមកទល់នឹងបច្ចុប្បន្ន៕