(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាជាមួយ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់ បន្ទាប់ពីផ្លាស់ពី Juventus លើកិច្ចសន្យា ២ឆ្នាំ។ នេះជាការវិលមកទ្រនំដើមវិញ ក្រោយចាកចេញ ១២ឆ្នាំ ខណៈការវិលត្រឡប់នេះ ទទួលបានការចាប់អារម្មណ៍ពីមនុស្សម្នាលើសកលលោកយ៉ាងខ្លាំង។

មានរឿងអស្ចារ្យជាច្រើនដែលកើតឡើងចំពោះការវិលត្រឡប់នេះ ហើយបើនិយាយពីអាវរបស់ Cristiano Ronaldo រហស្សនាម CR7 វិញ ត្រូវបានលក់បំបែកកំណត់ត្រាពិភពលោក ក្នុងទឹកប្រាក់ដែលទទួលបានរហូតដល់ទៅ ១៨៧លានផោន ឬជិត ២៥៩លានដុល្លារឯណោះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Give Me Sport នៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពដដែលបញ្ជាក់យ៉ាងដូច្នេះថា «បើតាមការស្រាវជ្រាវរបស់ Lovethesales.com គឺអាវរបស់ Ronaldo មានសន្ទុះលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលជាក្របខណ្ឌកំពូលអង់គ្លេស និងជាក្របខណ្ឌកីឡាបាល់ទាត់ចំណាត់ថ្នាក់លេខ១ លើពិភពលោក។ ចំណូលពីការលក់អាវ បានបំបែកកំណត់ត្រាដ៏អស្ចារ្យ គឺចំនួន ១៨៧លានផោន»

សូមជម្រាបថា ការលក់អាវរបស់ Messi នៅក្លិបបារាំង Paris Saint-Germain បានចំនួនទឹកប្រាក់ ១០៣.៨លានផោន។

លោក Stuart McClure សហស្ថាបនិក LovetheSales.com បាននិយាយថា យើងកំពុងតែតាមដានការលក់អាវ ដែលបំបែកកំណត់ត្រារបស់ CR7 សម្រាប់ការលក់រាយតាមអនឡាញ ដែលមកដល់ពេលនេះ តម្រូវការលើសពីការផ្គត់ផ្គង់ទៅទៀត (ឬនិយាយសាមញ្ញ ខ្វះអាវសម្រាប់លក់)៕