(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសនឹងរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ ដោយនៅក្នុងនោះត្រូវបាន គេរំពឹងថា Apple នឹងបង្ហាញវត្តមាន iPhone 13 រួមនឹង Apple Watch ជំនាន់ថ្មី ខណៈដែលព័ត៌មានចចាមអារ៉ាមផ្សេងៗនៅតែបន្ត បែកធ្លាយ។

ខាងក្រោមនេះគឺជាព័ត៌មានចចាមអារ៉ាមដែលបានបែកធ្លាយកន្លងមក៖

១) ទំហំរក្សាទុកឯកសារ (Storage)
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 13 Pro និង iPhone 13 Pro Max ដែលមាន (Storage) រហូតដល់ 1TB ខណៈដែលបច្ចុប្បន្ន iPad Pro របស់ Apple គឺមានទំហំ Storage រហូតដល់ 1TB។

២) ក្រុមហ៊ុន Foxconn និង Pegatron ជាអ្នកទទួលផលិត iPhone 13
ប្រភពច្បាស់ការណ៍ជាច្រើន បានរាយការណ៍មកថា iPhone 13 ត្រូវបានផលិតឡើងដោយ ក្រុមហ៊ុន Foxconn និង Pegatron។ ប្រភពដដែលបានបន្តទៀតថា Foxconn គឺជាអ្នកទទួលរាប់រងក្នុងការផលិត iPhone 13 ស្ទើរតែទាំងអស់ ដោយឡែក Pegatron គឺជួយ ផលិត iPhone 13 ដែលមានអេក្រង់ទំហំ ៥.៤អ៊ីងតែមួយមុខប៉ុណ្ណោះ ដោយសារតែ Foxconn ខ្លាចផលិតមិនទាន់តម្រូវការ ណាមួយក៏កំពុងតែមានបញ្ហាពាក់ព័ន្ធនឹងកម្លាំងពលកម្មផងដែរ។

៣) iPhone 13 mini គឺជាជំនាន់ចុងក្រោយរបស់ iPhone mini
លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បី ពាក់ព័ន្ធនឹងក្រុមហ៊ុន Apple ក៏បានអះអាងផងដែរថា iPhone 13 mini គឺជាជំនាន់ចុងក្រោយនៃ iPhone mini ព្រោះថាតួលេខនៃការ លក់កន្លងមកបានធ្លាក់ចុះខ្លាំង ដូច្នេះ Apple បានសម្រេចចិត្តបញ្ឈប់ការផលិតម៉ូដែល mini។

4) iPhone 13 អាចភ្ជាប់ទៅកាន់ផ្ដាយរណបបាន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១បានឱ្យដឹងថា លោក Ming-Chi Kuo អ្នកវិភាគ ដ៏ល្បីទាក់ទងនឹងក្រុមហ៊ុន Apple បានលើកឡើងថា iPhone 13 គឺនឹងមានមុខងារភ្ជាប់ជាមួយបណ្ដាញផ្ដាយរណប ប៉ុន្តែនឹងមានលក់ ឬមាន ប្រើសម្រាប់តែប៉ុន្មានប្រទេសប៉ុណ្ណោះ។

៥) ពណ៌ និងទំហំរក្សាទុកឯកសាររបស់ iPhone 13
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា iPhone 13 នឹងត្រូវប្រកាសបង្ហាញ មាន ៤ម៉ូដែលផ្សេងគ្នា រួមមាន iPhone 13, iPhone 13 mini, iPhone 13 Pro និង iPhone 13 Pro Max ជាមួយនឹងទំហំ Storage ផ្សេងៗគ្នាផងដែរ។

ប្រភពខាងលើបានបញ្ហាថា iPhone 13 mini នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ ៦ផ្សេងគ្នា គឺពណ៌ខ្មៅ ,ពណ៌ខៀវ ,ពណ៌ស្វាយ ,ពណ៌ផ្កាឈូក ,ពណ៌ស និងពណ៌ក្រហម ដោយមានទំហំ Storage ចំនួន 64GB និង 128GB។ ចំណែក iPhone 13 វិញគឺមាន ៦ពណ៌ដូច iPhone 13 min ផងដែរ ប៉ុន្តែមានទំហំ Storage ចំនួន 128GB និង 256GB។

រីឯ iPhone 13 Pro និង iPhone 13 Pro Max វិញមានពណ៌ខ្មៅ , ពណ៌ប្រាក់, ពណ៌មាស និងពណ៌សំរិទ្ធ ខណៈដែល iPhone 13 Pro មាន Storage ទំហំ 128GB និង 256GB ចំណែក iPhone 13 Pro Max មាន 256GB និង 512GB៕