(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានដាក់ពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ (AFF Suzuki Cup 2020) រួចរាល់ហើយ គ្រាដែលបេក្ខភាពដាក់ពាក្យប្រជែងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះបានកើនដល់ ៦ប្រទេស។

លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នមានបេក្ខភាព ៦ប្រទេស ដែលបានដាក់ពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020 រួមមានកម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ ហ្វីលីពីន និងថៃ ខណៈការដេញថ្លៃគ្រោងធ្វើឡើងនាពេលឆាប់ៗខាងមុខ។

ដោយឡែកការចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នេះ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញាខាងមុខ វេលាម៉ោង ៣រសៀល នៅប្រទេសសិង្ហបុរី (ម៉ោង ២៖០០នាទីរសៀលនៅកម្ពុជា)។ រីឯការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែធ្នូ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ត្រូវបានពន្យារពេលអស់ ១ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

គួរដឹងថា កម្ពុជាបានស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 បន្ទាប់ពីទទួលបានការគាំទ្រពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ កាលពីថ្មីៗ ដោយសម្ដេចបានឯកភាពឲ្យសហព័ន្ធប្រើប្រាស់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 នេះ ផ្អែកលើហេតុផលសំខាន់ៗមួយចំនួន ទី១-ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏មហាសាលទៅលើឆាកអន្ដរជាតិ ទី២-ដើម្បីផ្ដល់នូវចំណីចក្ខុដល់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ ពិសេសបញ្ជាក់ពីការប្រយុទ្ធប្រឆាំងជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងទី៣-ដើម្បីជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង៕