(ម៉ាឌ្រីដ)៖ Karim Benzema នៅពេលនេះ បានឈរនៅកំពូលតារាងដែលរកបាន ៥គ្រាប់ច្រើនជាគេបណ្តោះអាសន្ននៅលីគ La Liga 2021-22 ក្រោយស៊ុតបាន ៣គ្រាប់ក្នុងជំនួបដែលក្លិប Real Madrid យកឈ្នះក្រុមភ្ញៀវ Celta Vigo ៥-២ នៃសប្តាហ៍ទី៤ ជើងទី១។ នេះបើតាមប្រភពពី Marca នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema ស៊ុតបាន ៣គ្រាប់យ៉ាងអស្ចារ្យនៅនាទី២៤, ៤៦ និងនាទី៨៧ ខណៈមិត្តរួមក្រុមចំណូលថ្មីវ័យក្មេង Eduardo Camavinga ក៏រកបាន ១គ្រាប់ផងដែរនៅនាទី៧២ ហើយខ្សែប្រយុទ្ធ Vinicius Junior រកបាននៅនាទី៥៤ ដែលជាជ័យជម្នះដែលធ្វើឲ្យក្លិបដឹកនាំដោយលោក Carlo Ancelotti ឈរកំពូលតារាងស្មើជាមួយក្លិប Valencia និងក្រុមការពារជើងឯក Atletico Madrid ដែលមាន ១០ពិន្ទុស្មើគ្នា។

ដោយ ២ប្រកួតបន្ទាប់ Real Madrid ត្រូវប៉ះក្លិប Inter Milan នៅជម្រុះពាន UEFA Champions League នាថ្ងៃទី១៦ ខែកញ្ញា ហើយការប៉ះនៅលីគ La Liga ត្រូវជួបក្លិបឈរលេខ២ ក្នុងលីគ Valencia នៃសប្តាហ៍ទី៥ ជើងទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ៕