(ញូវយ៉ក)៖ កីឡាករលេខ២ ពិភពលោក Daniil Medvedev នៅពេលនេះសម្រេចការឈ្នះពានរង្វាន់វាយកូនបាល់ (Tennis) កម្រិតលំដាប់ប្រកួត Grand Slam, US Open 2021 ក្រោយពីបានយកឈ្នះជើងខ្លាំងលេខ១ ពិភពលោក Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រដែលការប្រកួតធ្វើនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

នេះជាពានកម្រិត Grand Slam ទី១ ក្រោយបញ្ចប់ក្នុងលំដាប់ពិន្ទុ ៣សិតជាប់គ្នា ៦-៤, ៦-៤ និង ៦-៤ ទៅលើកីឡាករស៊ែប៊ី Novak Djokovic ដែលជើងខ្លាំងសញ្ជាតិរុស្ស៊ី Daniil Medvedev វ័យ ២៥ឆ្នាំធ្វើបាន គ្រាដែល Novak Djokovic ជាម្ចាស់ជើងឯកពាន៣ កម្មវិធី Australian Open, French Open និងពាន Wimbledion ក្នុងរដូវកាលឆ្នាំ២០២១ នេះរួចទៅហើយ។

ចំណែកឯពាន US Open 2021 ផ្នែកនារី បានទៅលើកីឡាការិនីអង់គ្លេស Emma Raducanu បានបញ្ចប់រយៈពេល ៤៤ឆ្នាំនៃការឈានទៅរកជ័យជម្នះក្នុងប្រភេទកីឡាវាយកូនបាល់ (Tennis) ដែលរូបនាងដណ្តើមបានពានកម្រិតប្រកួតលំដាប់ Grand Slam ក្រោយយកឈ្នះកីឡាការិនី Leylah Fernandez ខណៈការវាយជាគូបុរសបានទៅលើ Rajeev Ram និង Joe Salisbury ហើយផ្នែកនារីវាយជាគូ ធ្វើបានដោយកីឡាការិនី Samantha Stosur និងកីឡាការិនីចិន Zhang Shuai៕