(ភ្នំពេញ)៖ ការសិក្សា គឺជាកត្តាដ៏សំខាន់ក្នុងការកសាងឧត្តមភាពជីវិតរបស់មនុស្ស។ សាលាអន្តរជាតិផារ៉ាហ្គន គឺជាគ្រឹះស្ថានអប់រំមួយនៅកម្ពុជា ដែលបានជួយឱ្យសិស្ស បានសម្រេចនូវក្តីស្រម័យរបស់ពួកគេ បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាលាល្បីៗលើពិភពលោក បើទោះបីស្ថិតក្នុងបរិបទដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ។

សាលារៀនអន្តរជាតិផារ៉ាហ្គន គឺជាសាលារៀនអន្តរជាតិឈានមុខគេមួយនៅកម្ពុជា ដែលមានបទពិសោធន៍ជាង២០ឆ្នាំ និងទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងប្រទេសកម្ពុជា និងគ្រឹះស្ថានវាយតម្លៃការអប់រំខេមប្រ៊ីជអន្តរជាតិ (CAIE ៖ Cambridge Assessment International Education) នៅចក្រភពអង់គ្លេស។

សាលារៀនអន្តរជាតិផារ៉ាហ្គន គឺជាសាលាមួយក្នុងចំណោមសាលាតែពីរប៉ុណ្ណោះនៅកម្ពុជា ដែលគុណភាពអប់រំត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយ ក្រុមប្រឹក្សាសាលារៀនអន្តរជាតិ (CIS ៖ Council of International Schools) ដែលជាស្ថាប័នផ្ដល់ការទទួលស្គាល់ការអប់រំជាអន្តរជាតិដល់សាលាដែលមានបំណងបង្កើនឧត្តមភាពអប់រំប្រកបដោយបរិស្ថានគាំទ្រ និងមានសុវត្ថិភាព ដើម្បីសិស្សអាចសម្រេចបាននូវសក្ដានុភាពប្រសើរបំផុត។

សាលារៀនអន្តរជាតិផារ៉ាហ្គន បំផុសស្មារតីឱ្យសិស្សបន្ត និងសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន តាមរយៈការអប់រំពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ដោយមានទាំងកម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ ព្រមទាំងផ្ដល់នូវការគាំទ្រលើកម្មវិធីបន្ថែមពីលើកម្មវិធីសិក្សា ការគាំទ្រលើការសិក្សា និងសេវាប្រឹក្សាអំពីការសិក្សាថ្នាក់ឧត្តមសិក្សា។ ហេតុនេះហើយបានជាសិស្សយើងអាចចូលរៀននៅតាមសាកលវិទ្យាល័យល្បីៗនៅជុំវិញពិភពលោកបាន។

ទោះជួបស្ថានភាពជំងឺរាតត្បាតបច្ចុប្បន្ននេះក្ដី តែសិស្សសាលាអន្តរជាតិផារ៉ាហ្គននៅតែទទួលបានការអនុញ្ញាតឱ្យចូលរៀននៅតាមសាកលវិទ្យាល័យល្បីៗនៅជុំវិញពិភពលោកដូចរាល់ឆ្នាំដដែល ព្រមទាំងទទួលបានអាហារូបករណ៍ជាច្រើនទៀតផង។

ជាអាទិ៍យុវសិស្ស ឈន រិទ្ធីច័ន្ទ ដែលនឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២១ ពីសាលារៀនអន្តរជាតិផារ៉ាហ្គន គឺរក្សាបាននូវការផ្ដល់ជូនឱ្យចូលរៀននៅសាកលវិទ្យាល័យចំនួន៤ ដែលស្ថិតក្នុងលំដាប់កំពូលទាំង១០០ នៅលើពិភពលោក ដែលរួមមាន៖ សាកលវិទ្យាល័យតូរ៉នតូ សាកលវិទ្យាល័យមែនឆេសស្ទើរ សាកលវិទ្យាល័យឃីញលុនដុន និងសាកលវិទ្យាល័យប្រីសថូល។

ខាងក្រោមនេះ គឺជាបទសម្ភាសន៍ខ្លីៗជាមួយសិស្សសាលាអន្តរជាតិផារ៉ាហ្គន ដែលបានសម្រេចក្តីស្រម័យរបស់ពួកគេ ដោយទទួលបានការសិក្សានៅសាលាល្បីៗនៅក្រៅប្រទេស។

* បទសម្ភាសជាមួយ រិទ្ធីច័ន្ទ៖

សំណួរ៖ តើប្អូនអាចជួយរៀបរាប់បានដែរឬទេ អំពីជំនាញ និងសមិទ្ធផលផ្សេងៗដែលប្អូនសម្រេចបាននៅពេលសិក្សា និងកត្តាជួយឱ្យប្អូនអាចបំពេញលក្ខខណ្ឌចូលរៀននៅតាមសាកលវិទ្យាល័យល្បីៗទាំងនោះ?

រិទ្ធីច័ន្ទ៖ និទ្ទេសជាកត្តាសំខាន់ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលរៀននៅតាមសាកលវិទ្យាល័យទាំងនោះ។ ខ្ញុំមានភ័ព្វសំណាងដែលបានចូលរៀនត្រៀមការប្រឡងតេស្តខេមប្រ៊ីជ IGCSE និង A level ជាមួយអ្នកគ្រូ លោកគ្រូដែលសុទ្ធតែអស្ចារ្យ។ តាមរយៈកម្មវិធីរៀនត្រៀមការប្រឡងតេស្តខេមប្រ៊ីជ IGCSE និង A level នេះ ខ្ញុំបានរៀនរូបវិទ្យា គណិតវិទ្យា និង IT ដែលជាមុខវិជ្ជាខ្ញុំបានជ្រើសរើស។

ក្រៅពីនេះដែរ នៅពេលសិក្សានៅសាលា ខ្ញុំបានចូលរួមសកម្មភាពបន្ថែមពីលើកម្មវិធីសិក្សាជាច្រើនដូចជា កម្មវិធីស្ទែម ក្លឹបសិក្សានៅសាលា កម្មវិធីសប្បុរសធម៌ ពិពណ៌សាលារៀន -ល- ហើយខ្ញុំក៏ទទួលបានការគាំទ្រពីការិយាល័យប្រឹក្សាអំពីការសិក្សានៅថ្នាក់ឧត្តមសិក្សាថែមទៀតផង។ គ្រប់យ៉ាងដែលយើងរៀននៅសាលាមិនថា ការអប់រំ ឬកិច្ចការនានាគឹសុទ្ធតែមានប្រយោជន៍សម្រាប់ការដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យទាំងអស់។ សូមកុំភ័យខ្លាចក្នុងការបង្ហាញពីការចូលចិត្ត សមត្ថភាព និងអត្តចរិតរបស់ខ្លួនយើង។ ប្រការទាំងនេះសុទ្ធតែជួយធ្វើឱ្យពាក្យសុំចូលរៀនរបស់យើងកាន់តែគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញ។

សំណួរ៖ ប្អូនបានលើកឡើងអំពីសេវាប្រឹក្សាអំពីការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលសាលារៀនអន្តរជាតិផារ៉ាហ្គន ផ្ដល់ជូន។ តើប្អូនអាចជួយបញ្ជាក់បន្ថែមបានដែរឬទេ?
រិទ្ធីច័ន្ទ៖ ការប្រឹក្សានេះ គឺសំខាន់ណាស់ ប្រសិនបើយើងមិនទាន់ច្បាស់ថាខ្លួនឯងចង់ធ្វើអ្វី ឬមានមន្ទិលផ្សេងៗអំពីការសិក្សានៅថ្នាក់មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ។ អ្នកជំនាញផ្នែកប្រឹក្សាបានជួយខ្ញុំក្នុងការជ្រើសរើសកម្មវិធីសិក្សា ទាក់ទងជាមួយសាកលវិទ្យាល័យ និងដំណើរការដាក់ពាក្យ។ អ្នកគ្រូ លោកគ្រូរបស់ខ្ញុំក៏បានជួយខ្ញុំជាច្រើនដែរជាមួយនឹងពាក្យសុំចូលរៀន ពិសេសការសរសេរចំណាប់អារម្មណ៍ និងគោលបំណងផ្ទាល់ខ្លួន (personal statement)។ សូមកុំខ្លាចសុំជំនួយពីពួកគាត់ឱ្យសោះ! មិនថាការសុំគាត់ធ្វើជាបុគ្គលយោង (reference) ការសុំលិខិតណែនាំ ការប្រឹក្សា ឬអ្វីផ្សេងៗទៀតឡើយ។ ពួកគាត់តែងតែរីករាយចាំជួយយើងជានិច្ច។

សំណួរ៖ ជាក់ស្ដែងយើងឃើញថា ប្អូនពិតជាខំប្រឹងប្រែងណាស់ទើបបានមកដល់ចំណុចនេះ។ តើប្អូនមានជាមតិណែនាំអ្វីខ្លះចំពោះសិស្សខ្មែរយើង?
រិទ្ធីច័ន្ទ៖ គ្រប់គ្នាមានផ្លូវដើរផ្សេងគ្នា តួយ៉ាងមនុស្សពីរនាក់ គឺមិនអាចដូចគ្នាបានឡើយ។ ខ្ញុំមានជាមតិណែនាំខ្លីប៉ុណ្ណោះ ពោល គឺត្រូវធ្វើជាខ្លួនឯង និងរៀនស្វែងរកផ្លូវដើរដោយខ្លួនឯង ព្រោះយើងមិនដឹងថា មានអ្វីនៅចាំយើងឡើយ។

* បទសម្ភាសន៍ ប្អូន អ៉ឹង គីមមុយ និង ម៉ក់ សូលីនដា បានទទួលអាហារូបករណ៍ ១០០% ដើម្បីទៅសិក្សានៅក្នុងប្រទេសថៃ លើមុខជំនាញការគ្រប់គ្រងអាជីវកម្មពាណិជ្ជកម្មសម័យទំនើប។

សំណួរ៖ ហេតុអ្វីប្អូនជ្រើសយកជំនាញអាជីវកម្ម?
សូលីនដា៖ ការបន្តដើរលើផ្លូវអាជីវកម្មតម្រូវឱ្យមានការគិតពិចារណាជាច្រើន ព្រោះថាវិបត្តិកូវីដបច្ចុប្បន្នបានប៉ះពាល់ដល់ហិរញ្ញវត្ថុពិភពលោកទាំងមូល។ ម្យ៉ាងទៀត ឆ្នាំសិក្សានៅថ្នាក់វិទ្យាល័យបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើឱ្យខ្ញុំមិនអាចបង្កើតអនុសាវរីយ៍ជាមួយមិត្តរួមថ្នាក់បាន។

វាជាឆ្នាំសិក្សាដ៏លំបាក ព្រោះខ្ញុំត្រូវគិតអំពីការប្រឡងថ្នាក់ជាតិផង និងស្វែងយល់ថា ខ្លួនឯងចូលចិត្តអ្វីផង ហើយតើត្រូវសិក្សានៅសាកលវិទ្យាល័យណា។ ការបង្កើតជម្រើសជាច្រើន និងចាប់យកឱកាសនៅពេលណាដែលយើងមាន គឺជារឿងអស្ចារ្យ ព្រោះថាគ្មានដំណាក់កាលណាផ្សេងទៀតក្នុងជីវិតយើងដែលយើងអាចធ្វើអ៊ីចឹងបានឡើយ? ខ្ញុំបង្កើតជម្រើសជាច្រើន ប៉ុន្ដែឃើញថាជំនាញសិក្សាអាជីវកម្មគឺសក្តិសមខ្ញុំជាងគេ។

វាជាការចូលចិត្តរបស់ខ្ញុំតាំងពីពេលសិក្សានៅថ្នាក់វិទ្យាល័យមកម្លេះ ព្រោះថាអាជីវកម្មគឺជាមុខវិជ្ជាមួយដែលខ្ញុំសប្បាយរៀនដោយគ្មានសម្ពាធ។ ប្រការដ៏សំខាន់គឺយើងត្រូវសាកល្បងអ្វីថ្មីៗ និងទទួលបានបទពិសោធន៍ទាំងនោះ ដើម្បីវិភាគថាយើងចូលចិត្តអ្វី និងមិនត្រូវស្ដាយក្រោយចំពោះអ្វីដែលយើងធ្វើមិនបាននោះឡើយ។ ការសិក្សាក្នុងឆ្នាំចុងក្រោយនេះជួបប្រទះបញ្ហាជាច្រើន តួយ៉ាងគឺកូវីដ-១៩ ប៉ុន្ដែវាមិនអាចបញ្ឈប់ខ្ញុំមិនឱ្យស្វែងរកឱកាសដ៏សំខាន់សម្រាប់អនាគតខ្ញុំបានឡើយ។

គីមមុយ៖ ការជ្រើសយកមុខវិជ្ជាអាជីវកម្មផ្ដល់ឱកាសការងារជាច្រើន ព្រោះថាគ្រប់វិស័យ គឺពឹងផ្អែកលើគំនិតអាជីវកម្ម ដើម្បីអាចដំណើរការ និងរីកចម្រើនទៅបាន។ ខ្ញុំជឿថា ខ្ញុំអាចស្វែងយល់អំពីជ្រុងជាច្រើននៃអាជីវកម្ម ដូចជាគណនេយ្យ ទីផ្សារ ធនធានមនុស្ស -ល-។ តាមរយៈចំណេះដឹងទាំងនេះ យើងអាចធ្វើការប្រៀបធៀប និងជ្រើសយកមុខជំនាញដែលសក្តិសមយើងបំផុត។ យ៉ាណាមិញ ខ្ញុំចង់ផ្ដោតលើគណនេយ្យ និងធ្វើការផ្នែករដ្ឋនៅពេលបន្ទាប់ទៀត។ ខ្ញុំអាចនឹងវិនិយោគនៅក្នុងផ្នែកអាជីវកម្មផងដែរ។

សំណួរ៖ តើប្អូនធ្លាប់រៀនថ្នាក់អាជីវកម្មពីមុនដែរទេ?
សូលីនដា៖ ខ្ញុំបានរៀនក្នុងថ្នាក់អាជីវកម្ម និងហិរញ្ញវត្ថុ នៅពេលសិក្សានៅសាលារៀនអន្តរជាតិផារ៉ាហ្គន ដែលជួយឱ្យខ្ញុំទទួលបានបទពិសោធន៍ជាមួយនឹងមេរៀនសិក្សាថ្មីទាំងនេះ ដែលមានឥទ្ធិពលមកលើជម្រើសរបស់ខ្ញុំក្នុងការសិក្សាមុខជំនាញអាជីវកម្ម។ នៅពេលរៀននៅសាលា ខ្ញុំរកឃើញថាខ្លួនឯងចូលចិត្តមុខវិជ្ជានេះជាងការរំពឹងទុកទៅទៀត។ ខ្ញុំស្គាល់ពាក្យគន្លឹះជាច្រើនក្នុងផ្នែកអាជីវកម្ម និងសិក្សាពីបញ្ញត្តិយុទ្ធសាស្រ្តអាជីវកម្មថ្មីៗ ជាមួយនឹងការអនុវត្ត និងការបង្ហាត់បង្រៀនរបស់គ្រូផ្ទាល់។

គីមមុយ៖ ខ្ញុំធ្លាប់រៀនមុខវិជ្ជាអាជីវកម្មពីមុននៅថ្នាក់វិទ្យាល័យ។ ខ្ញុំអាចនិយាយបានថា ខ្ញុំស្គាល់ពីមុខវិជ្ជានេះ និងមានចំណាប់អារម្មណ៍លើវា។

សំណួរ៖ តើប្អូនចូលរួមសកម្មភាពបន្ថែមពីលើកម្មវិធីសិក្សាអ្វីខ្លះ នៅពេលសិក្សានៅសាលារៀនអន្តរជាតិផារ៉ាហ្គន ដើម្បីរៀបចំឯកសារពាក្យសុំចូលរៀន?
សូលីនដា៖ ដូចខ្ញុំបានលើកឡើងអ៊ីចឹង សកម្មភាពបន្ថែមពីលើកម្មវិធីសិក្សាគឺមានកម្រិត ដោយសារតែវិធានការរបស់រដ្ឋាភិបាលដើម្បីការពារជំងឺរាតត្បាតបច្ចុប្បន្ននេះ។ ដូចនេះការស្វែងយល់អំពីស្ថានការណ៍ និងសកម្មភាពចូលរួមផ្សេងៗគឺស្ថិតក្នុងកណ្ដាប់ដៃយើងខ្លួនឯង។ យ៉ាងណាមិញ បើតាមបទពិសោធន៍ ខ្ញុំបានចូលរួមកម្មវិធីមិត្តជួយបង្រៀនមិត្ត (Peer-tutoring) ដែលអ្នកគ្រូ លោកគ្រូបានរៀបចំឡើង ដើម្បីឱ្យសិស្សច្បងជួយសិស្សប្អូនលើមុខវិជ្ជាមួយចំនួនដែលពួកគាត់ខ្សោយ។

លើសពីនេះ ខ្ញុំបានចូលរួមកម្មវិធីជជែកតស៊ូមតិ និងមហោស្រពពិព័រណ៍វិទ្យាសាស្រ្តជាបន្តបន្ទាប់ផងដែរ។ យើងត្រូវចាំថា នៅពេលសម្ភាសអាហារូបករណ៍ភាគច្រើន គេនឹងសួរយើងអំពីសកម្មភាពបន្ថែមពីលើកម្មវិធីសិក្សាដែលយើងបានចូលរួម ដូច្នេះហើយដំបូន្មានរបស់ខ្ញុំគឺថា យើងគួរស្វែងយល់ពីចំណង់ចំណូលចិត្តលើអ្វីថ្មីៗ និងកុំខ្លាចសាកល្បងខ្លួនឯងឱ្យសោះ!

គីមមុយ៖ ខ្ញុំបានចូលរួមសកម្មភាពបន្ថែមពីលើកម្មវិធីសិក្សាមួយចំនួនដែរ ដូចជាពិព័រណ៍ស្ទែម កម្មវិធីជជែកតស៊ូមតិ ការប្រកួតសរសេរ -ល-។

* បទសម្ភាសន៍ជាមួយយុវតី ពឿ អៀង៖ ខាងក្រោមនេះ
យុវតី ពៅ អៀង ជាសិស្សសាលាផារ៉ាហ្គនអន្តរជាតិមួយរូបទៀត ដែលទទួលបានឱកាសចូលរៀននៅសាលាល្បីៗលើពិភពលោកផងដែរ។ នៅពេលសិក្សា ពៅ អៀង បានចូលរួមការប្រកួតប្រជែងជាច្រើន ហើយគម្រោងចុងក្រោយរបស់ប្អូន គឺពាក់ព័ន្ធគណិតវិទ្យា ដែលត្រូវបានគេទទួលស្គាល់ថាជាស្នាដៃឆ្នើម នៅក្នុងការសន្និសីទអាស៊ីប៉ាស៊ីហ្វិករបស់អ្នកវិទ្យាសាស្រ្តវ័យក្មេង (Asia-Pacific Conference of Young Scientist) ហើយប្អូនក៏ទទួលបានពានរង្វាន់ពិសេសពីគណៈកម្មការទៀតផង។ អៀង ទទួលបានការផ្ដល់ជូនឱ្យចូលរៀននៅតាមសាកលវិទ្យាល័យល្បីៗ រួមទាំងអាហារូបករណ៍ជាច្រើនទៀតផងដែរ។

សំណួរ៖ តើប្អូននឹងសិក្សាមុខជំនាញអ្វីដែរ?
អៀង៖ ខ្ញុំនឹងសិក្សាបរិញ្ញាបត្រការគ្រប់គ្រងអាជីវកម្ម។

សំណួរ៖ តើប្អូនគ្រោងនឹងចូលរៀននៅសាកលវិទ្យាល័យណាដែរ?
អៀង៖ ខ្ញុំមានគម្រោងសិក្សានៅ Beddie School of Business នៃសាកលវិទ្យាល័យ Simon Fraser University នៅទីក្រុង Vancouver ។

សំណួរ៖ តើប្អូនអាចផ្ដល់ជាដំបូន្មានអ្វីខ្លះដល់សិស្សានុសិស្សកម្ពុជាយើង?
អៀង៖ ជាការពិតណាស់ ការជ្រើសរើសមុខជំនាញនៅថ្នាក់សាកលវិទ្យាល័យ គឺជាការសម្រេចចិត្តដ៏លំបាក ព្រោះសិស្សភាគច្រើនមិនទាន់ច្បាស់អំពីចំណង់ចំណូលចិត្ត ឬអាជីពការងារនៅថ្ងៃអនាគតនៅឡើយទេ។ បើតាមគំនិតខ្ញុំ ពួកគាត់គួរសាកដាក់ពាក្យទៅសិក្សាមុខជំនាញ និងនៅតាមសាកលវិទ្យាល័យផ្សេងៗគ្នា ដូច្នេះពួកគាត់អាចគិតពិចារណា និងថ្លឹងថ្លែងថាគួររៀនអ្វី បន្ទាប់ពីត្រូវបានសាកលវិទ្យាល័យទាំងនោះអនុញ្ញាតឱ្យចូលរៀន។

សម្រាប់អ្នកដែលចង់ទៅសិក្សានៅក្រៅប្រទេស និងដាក់អាហារូបករណ៍ ខ្ញុំសូមណែនាំឱ្យពួកគាត់ដឹងពីកាលបរិច្ឆេទទទួលពាក្យអាហារូបករណ៍ នៅមុនពេល ឬក្រោយពេលចូលរៀនថ្នាក់ទី១២ ដើម្បីកុំឱ្យស្ដាយក្រោយ ព្រោះថាបើហួសពេលកំណត់របស់គេហើយ គឺចប់។ រីឯអ្នកដែលដឹងថាខ្លួនឯងចូលចិត្តអ្វីមួយច្បាស់ហើយ សូមធ្វើតាមបះដូងខ្លួនឯង ហើយអ្នកនឹងជោគជ័យ។ ការប្ដេជ្ញា និងខំប្រឹងប្រែងនឹងនាំមកនូវភាពជោគជ័យដូចដែលអ្នកចង់បាន។ ជូនពរគ្រប់គ្នាជួបតែសំណាងល្អ!

* បាទសម្ភាសន៍យុវតី ផេង កែវសុធានី៖

យុវតី ផេង កែវសុធានី ទទួលបានការអនុញ្ញាតឱ្យចូលរៀន និងអាហារូបករណ៍ពី West-England University ដែលជាសាកលវិទ្យាល័យល្បីឈ្មោះ។ ប្អូន ផេង កែវសុធានី នឹងសិក្សាជំនាញស្ថាបត្យកម្ម។

សំណួ៖ តើអ្វីដែលបំផុសគំនិតប្អូនឱ្យសិក្សាមុខជំនាញស្ថាបត្យកម្មនេះ?
ធានី៖ ប៉ារបស់ខ្ញុំ គឺជាកត្តាជំរុញធំបំផុត។ ខ្ញុំពិតជាសរសើរគាត់ចំពោះការចូលចិត្តជំនាញនេះ ការប្រើប្រាស់ជំនាញនេះដើម្បីដោះស្រាយបញ្ហានៅក្នុងសេណារីយ៉ូពិតៗ និងការព្យាយាមរៀនអ្វីថ្មីៗជានិច្ចជារៀងរាល់ថ្ងៃ។ ខ្ញុំបានរៀនជាច្រើនពីប៉ាខ្ញុំ ហើយខ្ញុំពិតជាចាត់ទុកគាត់ថាជាបុគ្គលគំរូដ៏សំខាន់ម្នាក់នៅក្នុងជីវិតរបស់ខ្ញុំ។

សំណួរ៖ ប្អូនធ្លាប់បាននិយាយថា ប្អូនសិក្សាថ្នាក់សិល្បៈ និងរចនា (Art & Design) នៅពេលសិក្សាត្រៀមប្រឡងតេស្ត A level។ តើប្អូនយល់ថាវាយ៉ាងណាដែរ?
ធានី៖ ខ្ញុំពិតជារីករាយនឹងការសិក្សាមុខវិជ្ជាសិល្បៈ និងរចនា។ លោកគ្រូ/អ្នកគ្រូបានបង្រៀនខ្ញុំជាច្រើននូវជំនាញ និងវិធីសាស្រ្តផ្នែកសិល្បៈ ដែលខ្ញុំពិតជាត្រូវប្រើវា នៅពេលសិក្សាជំនាញនៅសាកលវិទ្យាល័យ។ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើន នៅពេលធ្វើគម្រោងការងារក្រុមជាមួយមិត្តរួមថ្នាក់ ហើយខ្ញុំពិតជាស្រឡាញ់បរិយាកាសរសាយចិត្ត និងបន្ធូរអារម្មណ៍បែបនេះណាស់ នៅពេលរៀន។ បើទោះជាត្រូវនឿយហត់ខ្លះព្រោះមានការងារច្រើននៅចុងត្រីមាសនីមួយៗក្ដី ក៏ខ្ញុំនៅតែរីករាយសិក្សាមុខវិជ្ជាសិល្បៈ និងរចនានេះដដែល ហើយខ្ញុំនឹងបន្តផ្ដល់តម្លៃអនុស្សាវរីយ៍ទាំងនោះបន្ថែមទៀត នៅពេលសិក្សានៅថ្នាក់សាកលវិទ្យាល័យ។

សំណួរ៖ សូមអរគុណ ធានី។ តើប្អូនមានអ្វីចង់ចែករំលែកជាមួយមិត្តសិស្សានុសិស្សយើងដែរឬទេ?
ធានី៖ ដំបូន្មានរបស់ខ្ញុំ គឺថាយើងត្រូវជ្រើសយកអ្វីមួយដែលសក្តិសមយើងបំផុត និងជាអ្វីដែលយើងស្រឡាញ់។ ការសិក្សាមុខវិជ្ជាពាក់ព័ន្ធនឹងអ្វីដែលយើងស្រឡាញ់នឹងមានឥទ្ធិពលមកលើពាក្យសុំចូលរៀនរបស់យើង។ ការផ្លាស់ប្ដូរមុខវិជ្ជានៅកណ្ដាលទី ឬភាពមិនច្បាស់ការ គឺមិនមែនជារឿងយឺតពេលនោះទេ តែយើងត្រូវប្រាកដថា យើងបានកំណត់គោលដៅ រួចត្រូវអនុវត្តវាឱ្យបាន។

* បទសម្ភាសន៍យុវតី លី ជីង ជីង៖

យុវតី លី ជីង ជីង ជាសិស្សសាលាផារ៉ាហ្គនអន្តរជាតិមួយរូបទៀត ដែលទទួលបានការផ្ដល់ជូនឱ្យចូលរៀននៅសាកលវិទ្យាល័យ AUT Auckland University of Technology, New Zealand ដែលស្ថិតក្នុងលំដាប់កំពូលលើសកលលោក។ យុវតីខ្មែររូបនេះ នឹងសិក្សាមុខជំនាញចិត្តវិទ្យា លើផ្នែកវិទ្យាសាស្រ្តបរិស្ថាន និងសុខាភិបាល។

សំណួរ៖ ប្អូនជ្រើសយកជំនាញចិត្តវិទ្យា។ តើការចូលចិត្តនេះកើតមានចំពោះប្អូននៅពេលណាដែរ?
ជីង ជីង៖ ការចូលចិត្តដំបូងរបស់ខ្ញុំនៅក្នុងផ្នែកចិត្តវិទ្យានេះគឺបានចាប់ផ្ដើម នៅពេលខ្ញុំឈានចូលយុវវ័យ។ ខ្ញុំធំឡើងសង្កេតឃើញថា ចិត្តវិទ្យាគឺជាមុខវិជ្ជាមួយដែលគេមិនសូវឱ្យតម្លៃដែលសក្តិសម ពិសេសយុវជនដូចជាខ្ញុំជាដើម។ កុមារ និងយុវជនគ្រប់ៗរូបរមែងជួបការលំបាក។ ខ្លះអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ប៉ុន្ដែខ្លះទៀតនៅតែប្រឈមនឹងវា ដែលក្លាយជាបញ្ហាប៉ះទង្គិចផ្លូវចិត្ត និងចាំបាច់ត្រូវមានជំនួយដោះស្រាយ។ ការចូលចិត្តរបស់ខ្ញុំចំពោះមុខជំនាញនេះគឺចាប់ផ្ដើមពីចំណុចនេះមក។

សំណួរ៖ សាលារៀនអន្តរជាតិផារ៉ាហ្គន មានគោលការណ៍ផ្ដោតសំខាន់លើបរិស្ថានសុវត្ថិភាព និងគាំទ្រ។ ចំពោះបុគ្គលដូចជារូបប្អូនដែលនឹងសិក្សាមុខជំនាញចិត្តវិទ្យា តើវាមានន័យដូចម្ដេចចំពោះប្អូន?
ជីង ជីង៖ ខ្ញុំយល់ថា នេះជាគោលការណ៍មួយដ៏ល្អដើម្បីជួយឱ្យសិស្សមានអារម្មណ៍ថា ខ្លួនមានសុវត្ថិភាព និងសេរីភាពក្នុងការបង្ហាញពីបញ្ហារបស់ខ្លួន។ ក្នុងន័យនេះ វាជួយសម្រាលទុក្ខលំបាកពីអារម្មណ៍តានតឹង ដែលយើងត្រូវស៊ូទ្រាំ ជាពិសេសនៅវ័យកុមារ និងវ័យជំទង់ ព្រោះថាវាជាអារម្មណ៍ដែលពិបាកស៊ូទ្រាំណាស់។

សំណួរ៖ តើប្អូនមានគម្រោងរួមចំណែកក្នុងសង្គម និងប្រទេសជាតិយ៉ាងដូចម្ដេចខ្លះ តាមរយៈជំនាញដែលប្អូននឹងទទួលបានពីការសិក្សានៅថ្នាក់សាកលវិទ្យាល័យ?
ជីង ជីង៖ ខ្ញុំសង្ឃឹមថានឹងលើកកម្ពស់ការយល់ដឹងអំពីចិត្តវិទ្យាកុមារ ព្រមទាំងជួយឱ្យឪពុកម្ដាយជ្រាបច្បាស់អំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្តរបស់កូនគាត់ដែលជាកុមារ ឬយុវជន និងផលប៉ះពាល់ទៅលើអនាគតរបស់ពួកគេ រួមទាំងចំណុចប្រសើរឡើងដែលពួកគាត់អាចធ្វើបាន និងផ្ដល់ការគាំទ្រដល់កូនគាត់។

* បទសម្ភាសន៍យុវសិស្ស ដុម វិច្ឆរង្សី៖

ដុម វិច្ឆរង្សី គឺជាសិស្សយើងម្នាក់ទៀតដែលនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២១ ពីសាលារៀនអន្តរជាតិផារ៉ាហ្គន និងទទួលបានការផ្ដល់ជូនដោយមានលទ្ធខណ្ឌ ដើម្បីចូលរៀននៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះ គឺ Manchester University នៅចក្រភពអង់គ្លេស។

សំណួរ៖ តើការទទួលបានការផ្ដល់ជូនដោយមានលក្ខខណ្ឌមានន័យយ៉ាងដូចម្ដេចចំពោះប្អូន? ហើយតើប្អូនជ្រើសយកមុខជំនាញអ្វីដែរ?
ដុម វិច្ឆរង្សី៖ ការផ្ដល់ជូនដោយមានលក្ខខណ្ឌគឺជាការផ្ដល់ជូនមួយដែលតម្រូវឱ្យយើងបំពេញតាមការកំណត់របស់គេ។ ចំពោះករណីរបស់ខ្ញុំ គឺលក្ខខណ្ឌភាសាអង់គ្លេស ដែលខ្ញុំប្រាកដថានឹងអាចធ្វើវាបាន តាមរយៈការអប់រំដែលខ្ញុំទទួលបាន។ ប្រសិនបើអ្នកមិនទទួលបានការផ្ដល់ជូនទូទៅ តែទទួលបានការផ្ដល់ជូនដោយមានលក្ខខណ្ឌ សូមកុំបារម្ភ ព្រោះថាវាគ្មានអ្វីខុសគ្នានោះឡើយ។ រីឯមុខជំនាញដែលខ្ញុំជ្រើសរើសវិញ គឺស្ថាបត្យកម្ម ព្រោះខ្ញុំស្រឡាញ់ចូលចិត្តមើលគេសាងសង់អ្វីដែលស្អាតៗ ហើយខ្ញុំចង់ធ្វើដូចគេដែរ ប៉ុន្ដែហេតុផលចម្បងគឺកត្ដាហិរញ្ញវត្ថុនេះតែម្ដង ព្រោះថាវាជាវិស័យដែលអាចរកលុយបានធ្វើជាអ្នកមាន។

សំណួរ៖ នៅពេលដាក់ពាក្យ តើប្អូនប្រើប្រាស់ព័ត៌មាន និងបទពិសោធន៍អ្វីខ្លះដែរ?
ដុម វិច្ឆរង្សី៖ សាកលវិទ្យាល័យកំពូលៗតែងតែយកសិស្សដែលមាននិទ្ទេសល្អ ប៉ុន្ដែគេក៏ចង់បានសិស្សដែលបានចូលរួមសកម្មភាពបន្ថែមពីលើកម្មវិធីសិក្សាផងដែរ ដែលរួមមានសកម្មភាពសង្គម និងកម្មវិធីសប្បុរសធម៌។ ខ្ញុំផ្ទាល់បានដាក់វិញ្ញាបនបត្រដែលខ្ញុំទទួលបានទាំងអស់តាមរយៈសកម្មភាព និងកម្មវិធីផ្សេងៗដែលសាលាបានរៀបចំ។ យ៉ាងណាមិញ ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំជាសមាជិកនៃ សហភាពសិស្សផារ៉ាហ្គន ដែលប្រាកដជាធានាថា ខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យនោះបាន។

វិញ្ញាបនបត្រផ្សេងៗទាំងនោះបង្ហាញថា ខ្ញុំជាសិស្សដ៏សកម្មនៅក្នុងវិស័យ និងជំនាញជាច្រើន ដែលខ្ញុំទទួលបានតាមរយៈការចូលរួម។ ដូច្នេះហើយ ការបន្ថែមសកម្មភាពជាច្រើនពីលើកម្មវិធីសិក្សាបង្ហាញថា យើងពូកែទាំងផ្នែកសិក្សា (ប្រសិនបើយើងទទួលបាននិទ្ទេសល្អ) និងទាំងផ្នែកសង្គម ដែលជាកត្ដាទំនងជាអាចជួយធានាបានថា យើងអាចចូលរៀននៅសាកវិទ្យាល័យក្នុងក្ដីសុបិនរបស់យើងបាន។

សំណួរ៖ តើប្អូនអាចជួយបញ្ជាក់បន្ថែមបានដែរឬទេអំពី សហភាពសិស្សផារ៉ាហ្គន? តើវាជាអ្វី? តើលក្ខខណ្ឌជ្រើសរើសសមាជិកមានអ្វីខ្លះ?
ដុម វិច្ឆរង្សី៖ សហភាពសិស្ស របស់យើងគឺបង្កើតឡើងតាមរយៈការបោះឆ្នោត ដែលមិត្តសិស្សានុសិស្ស និងអ្នកគ្រូ លោកគ្រូយើងអាចបោះឆ្នោតជ្រើសរើសបុគ្គលដែលពួកគាត់ពេញចិត្តឱ្យចូលរួម។ បន្ទាប់ពីការបង្កើតក្រុមរួចរាល់ យើងត្រូវសហការតាមរយៈការណែនាំរបស់ការិយាល័យផ្នែកសុខុមាលភាព និងមានការប្រជុំជាប្រចាំ ព្រមទាំងអាចចូលរួមក្នុងការធ្វើសេចក្ដីសម្រេចផ្សេងៗពាក់ព័ន្ធនឹងកិច្ចការសាលា។ សហភាពសិស្សផារ៉ាហ្គន គឺជួយផ្សារភ្ជាប់ការសម្រេចចិត្តលើសកម្មភាពផ្សេងៗ ការគាំទ្រសំឡេងសិស្ស និងរៀបចំព្រឹត្តិការណ៍ដែលជួយឱ្យយើងអនុវត្តជំនាញភាពជាអ្នកដឹកនាំបាន។

ដំណើរការសុំចូលរៀននៅសាកលវិទ្យាល័យកំពុងបន្តសម្រាប់សិស្សដែលបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២១ ហើយបេក្ខជនថ្មីៗត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃ។ ឥឡូវនេះដល់ពេលដែលប្អូនៗសិស្សថ្នាក់ទី១២ជំនាន់ក្រោយ ត្រូវបំពេញបញ្ចប់នូវឯកសារត្រៀម សម្រេចសមិទ្ធផលផ្សេងៗនៅឆ្នាំសិក្សាចុងក្រោយ និងត្រៀមខ្លួនដើម្បីដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ។ បើទោះជាមានស្ថានភាពកូវីដ-១៩ក្ដី ក៏សាលារៀនអន្តរជាតិផារ៉ាហ្គន នៅតែរំពឹងថា សិស្សានុសិស្សយើងដែលនឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ នឹងអាចចូលរៀននៅតាមសាកលវិទ្យាល័យដ៏អស្ចារ្យនានាបានដដែល៕