(មីឡែន)៖ Zlatan Ibrahimovic បានជាពីរបួសមកវិញហើយ និងរកបាន ១គ្រាប់ក្រោយសម្រាកព្យាបាលអស់រយៈពេល ៤ខែ ដោយរូបលោកបានក្លាយជាខ្សែប្រយុទ្ធដែលរកបានគ្រាប់ស៊ុតក្នុងលីគអ៉ីតាលី Serie A 2021-22 មានវ័យចាស់ជាងគេ បន្ទាប់ពី AC Milan យកឈ្នះក្រុមភ្ញៀវ Lazio ក្នុងលទ្ធផល ២-០ នៃសប្តាហ៍ទី៣ ជើងទី១ នារដូវកាលនេះ។ នេះបើតាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

បច្ចុប្បន្ន Zlatan មានវ័យ ៣៩ឆ្នាំ រកបាន ១គ្រាប់នៅនាទី៦៦ ក្រោយពេលមិត្តរួមក្រុម Rafael Leao រកបានគ្រាប់បើកឆាកនៅនាទី៤៥ ដែលយកឈ្នះក្រុម Lazio ធ្វើឲ្យ AC Milan ឈរលេខ២ ជាមួយក្រុម Roma និងក្រុម Napoli មាន ៩ពិន្ទុស្មើគ្នាបណ្តោះអាសន្ននៃលីគ Serie A 2021-22។

គួររំលឹកផងថា គិតមកដល់ពេលនេះ ខ្សែប្រយុទ្ធ Zlatan Ibrahimovic សញ្ជាតិស៊ុយអែត មានវ័យ ៣៩ឆ្នាំ និង ៣៤៤ថ្ងៃ បានបំបែកកំណត់ត្រាលោក Bruno Alves ក្នុងនាមជាកីឡាករវ័យចាស់ជាងគេរកបានគ្រាប់បាល់ក្នុងលីគកំពូលអ៉ីតាលីបច្ចុប្បន្ន៕