(ចិន)៖ ចិនបានចេញសេចក្ដីអំពាវ និងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកទាំងអស់ រួមមាន Alibaba Group Ltd និង Tencent Holdings Ltd ឱ្យបញ្ឈប់សកម្មភាពរារាំង ឬប្លក់ គ្នាទៅវិញទៅមក បើមិនដូច្នេះទេ រដ្ឋាភិបាលក្រុងប៉េកាំងនូវអនុវត្តវិធានការថ្មីតាមច្បាប់ជាក់ជាមិនខាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

កាសែត 21st Century Business Herald បានចេញផ្សាយ និងត្រូវបានដកស្រង់ដោយ Reuters បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិន បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនបង្កើតនូវស្ដង់ដារមួយដែល គ្មានការ រំលោភបំពាន និង រើសអើងគ្នាទៅវិញទៅមក ដោយក្នុងនោះបានតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់បញ្ឈប់ការប្លក់គ្នានៅគ្រប់ Platforms ទាំងអស់។

ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Alibaba, Tencent, ByteDance, Baidu Inc, Huawei Technologies Co និង Xiaomi Corp សុទ្ធតែទទួលបានព័ត៌មានខាងលើនេះ និងបានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំរបស់ក្រសួងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិន ថែមទៀតផង។

ចំណាត់ការថ្មីនេះ គឺចង់សំដៅទៅលើ ការបិទ សេវាកម្ម ឬបិទតំណភ្ជាប់របស់គូរប្រជែង មានន័យថា កម្មវិធី WeChat Pay របស់ Tencent គឺជា គូរប្រកួតប្រជែងដ៏ធំរបស់ Alipay របស់ Alibaba ដូច្នេះ Alibaba បិទមិនឱ្យមានការប្រតិបត្តិការ WeChat Pay នៅគ្រប់ Platforms របស់ខ្លួន ចំណែក Tencent ក៏បិទមិនឱ្យមានការប្រតិបត្តិការ Alipay នៅគ្រប់ Platforms របស់ខ្លួនវិញដូចគ្នា។ សកម្មភាពនេះហើយដែលត្រូវបានរដ្ឋាភិបាលចិនហៅថា «walled gardens»

កាលពីខែកក្កដាកន្លងទៅនេះ កាសែត Wall Street Journal បានផ្សាយថា ក្រុមហ៊ុន Alibaba និង Tencent កំពុងពិចារណា បើកសេវាកម្ម WeChat Pay សម្រាប់ទីផ្សារអេឡិចត្រូនិក Taobao និង Tmall ។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ និងបើកការស៊ើបអង្កេតទៅលើករណីប្រកួតប្រជែងដោយមិន ស្មោះត្រង់ និងការប្រើប្រាស់អំណាចដើម្បីធ្វើទីផ្សារផ្ដាច់មុខ ដោយក្នុងនោះ Alibaba ត្រូវបានផាកពិន័យជាប្រាក់ប្រមាណ ២.៧ពាន់លាន ដុល្លារ អាមេរិក៕