(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយសម្រាប់តារាសម្តែងវ័យក្មេងកម្ពុជា ក៏ដូចជាវិស័យភាពយន្តរបស់កម្ពុជា បន្ទាប់ពីលោក ឈួន ពិសិដ្ឋ ដែលជាតារាសម្តែងក្នុងរឿង ប៊ូឌីញ ស (White Building) បានក្លាយជាម្ចាស់ពានរង្វាន់ «តារាសម្តែងឆ្នើម» ក្នុងរោងមហោស្រព Venice លើកទី៧៨ ក្នុងប្រទេសអ៉ីតាលី តាមរយៈខ្សែភាពយន្ត ប៊ូឌីញស (White Building) ខណៈភាពយន្តនេះ ត្រូវបានយកទៅប្រកួតដណ្តើមពានរង្វាន់នៅក្នុងរោង មហោស្រព Venice លើកទី៧៨ ក្នុងប្រទេសអ៉ីតាលី កាលពីពេលថ្មីៗនេះ។

បើតាមនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឲ្យដឹងថា លោក ឈួន ពិសិដ្ឋ សម្តែងក្នុងភាពយន្តរឿង ប៊ូឌីញស (White Building) សម្រាប់ការទទួលបានពានរង្វាន់ តារាសម្តែងល្អ (Best Actor) ក្នុងមហោស្រពភាពយន្ត Venice។ លោក នាង កាវិច អ្នកដឹកនាំរឿង ប៊ូឌីញស បានឡើងទទួលពានរង្វាន់ជំនួស និងបានថ្លែងថា ពានរង្វាន់នេះ គឺមានន័យបំផុតសម្រាប់ក្រុមការងារ និងសម្រាប់ភាពយន្តកម្ពុជា។

តារាសម្តែងវ័យក្មេងកម្ពុជា លោក ឈួន ពិសិដ្ឋ ដែលទើបតែទទួលបានពានរង្វាន់ «តារាសម្តែងឆ្នើម» ពីមហោស្រពភាពយន្តនៅក្រុង Venice ប្រទេសអ៉ីតាលី តាមរយៈខ្សែភាពយន្តមួយឈ្មោះថា «ប៊ូឌីង ស» ត្រូវបានគេដឹងថា លោកសម្តែងជាតួអង្គឈ្មោះ សំណាង ក្នុងរឿងនេះ។ សំណាងគឺជាក្មេងម្នាក់ទទួលរងសម្ពាធ ពីគ្រួសារសង្គម និងការបាត់បង់មិត្តភក្តិជិតស្និទ្ធ …។

ទំរាំទទួលបានសមិទ្ធផលដ៏គាប់ប្រសើរដូចពេលនេះ ពិតណាស់គឺមានការសាមគ្គីជាក្រុម និងខិតខំប្រឹងប្រែងទាំងក្រុមការងារ និងតារាសម្តែងផ្ទាល់ ខណៈលោក ឈួន ពិសិដ្ឋ ក៏បានថ្លែងប្រាប់ឲ្យដឹងដែរថា ដើម្បីសម្តែងឲ្យបានល្អ និងស៊ីចង្វាក់ជាមួយតួសំណាង លោកត្រូវយល់ពីអារម្មណ៍របស់តួ រហូតមានពេលខ្លះលោកបានជួបបញ្ហារបួសជង្គង់ពេលសម្តែងថែមទៀតផង។

គួរជម្រាបថា រឿង ប៊ូឌីញ ស (White Building) ត្រូវបានចាក់បញ្ចាំង កាលពីថ្ងៃទី០៧ ខែកញ្ញា កន្លងទៅ នៅក្នុងមហោស្រពភាពយន្ត ទីក្រុង Venice។ ខ្សែភាពយន្ត ដែលផលិតឡើងដោយផលិតកម្ម Anti Archive នៅទីក្រុងភ្នំពេញ និងត្រូវទទួលចែកចាយអន្តរជាតិ ដោយក្រុមហ៊ុន Les Films du Losange International នឹងត្រូវចាក់បញ្ចាំងនៅប្រទេសបារាំង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕