(សៀមរាប)៖ ក្នុងន័យលើកតម្លៃ និងថែរក្សាប្រាសាទបុរាណឱ្យនៅគង់វង្សយូរអង្វែង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មក ហើយមកដល់ពេលនេះសម្រេចបានប្រមាណ ៣០ ភាគរយហើយ។

banner

លោកស្រី គឹម សេងភក្តី អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលពង្រឹងឡើងវិញខ្លោងទ្វារតាកាវ ត្រូវបានអនុវត្តចំនួន ៤ ចំណុចធំៗ រួមមាន ការងារជួសជុលរូបដំរីអាទិទេពជ្រុងនីរតី និងជ្រុងពាយ័ព្យ បង្កាន់ដៃរូបទេវតា និងបង្កាន់ដៃអសុរៈ (យក្ស)។

លោកស្រីបន្តថា បញ្ហាប្រឈមខ្លះៗដែលក្រុមការងារជួបប្រទះក្នុងដំណើរការជួសជុលនេះ មានដូចជារូបដំរី ឬសំណង់ផ្សេងៗ ត្រូវបានបែកបាក់ជាបំណែកតូចៗស្ទើរទាំងស្រុង ពិបាកក្នុងការរកផ្គុំថ្មឡើងវិញ ដោយត្រូវប្រើប្រាស់ថ្មថ្មីខ្លះៗដើម្បីជំនួសថ្មចាស់ ដែលបែកបាក់ ពុកផុយឬបាត់រកមិនឃើញ៕