(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកបឹងកេត ត្រូវប្រឈមមុខនឹងវិបត្តិខ្សែការពារ បន្ទាប់ពីខ្សែការពារកណ្ដាល Anderson Zogbe បានរងរបួសធ្ងន់ធ្ងរ អំឡុងពេលហ្វឹកហាត់ ដែលតម្រូវឲ្យសម្រាករយៈពេលយូរយ៉ាងហោច ៦ ទៅ ៨ខែដែរ។ នេះបើតាមការជូនដំណឹងរបស់ក្រុមនាគខៀវនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមជើងឯកលីគ ៤សម័យនេះបានជូនដំណឹងថា «ខ្សែការពារកណ្ដាល Anderson Zogbe របស់យើងបានរងរបួសធ្ងន់ធ្ងរអំឡុងពេលហ្វឹកហាត់ ដោយដាច់សរសៃជង្គង់ ACL ( Anterior Cruciate Ligament) និងបែកទ្រនាប់ឆ្អឹង (Meniscus) ជង្គង់ខាងស្តាំ។ ដូចនេះរូបគេនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់ និងសម្រាករយៈពេលចម្លោះពី ៦ ដល់ ៨ខែ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រូពេទ្យរបស់យើងនៅថ្ងៃនេះ»។

អវត្តមានរបស់កីឡាករសញ្ជាតិកូឌឺវ័រខាងលើអាចនឹងធ្វើឲ្យក្រុមបឹងកេត ជួបបញ្ហានៅតំបន់ការពារ ដ្បិតក្លិបទើបបាត់បង់ខ្សែការពារដ៏រឹងមាំម្នាក់ គឺកីឡាករ ទេស សម្បត្តិ ដែលត្រូវបានផ្ទេរទៅក្លិបគូប្រជែងវិសាខា កាលពីថ្មីៗ។ អ្វីដែលអ្នកគាំទ្រមានការព្រួយបារម្ភ គឺការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ដែលសុទ្ធតែការប្រកួតធំៗរវាងក្រុម Top-8 ដ្បិតក្រុមទើបរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមភ្ញៀវវិសាខា ៥-១ កាលពីចុងសប្ដាហ៍កន្លងទៅ។

សូមបញ្ជាក់ថា Anderson Zogbe បានប្រកបអាជីពនៅកម្ពុជាតាំងពីឆ្នាំ២០១៥ ដោយចូលរួមជាមួយក្លិបណាហ្គាវើលដ៏ មុនផ្ទេរទៅក្លិបកងយោធពលខេមរភូមិន្ទ បានមួយរយៈពេលខ្លី ក៏ត្រឡប់មកក្លិបចាស់វិញ រហូតជួយក្រុមលោក មាស ចាន់ណា គ្រងជើងឯកលីគ ឆ្នាំ២០១៨ មុនផ្លាស់ទៅក្លិបបឹងកេត នៅឆ្នាំ២០២០ ហើយត្រូវបានក្រុមលោក គឹម ភក្ដី បន្ដកិច្ចសន្យា ២ឆ្នាំទៀត បន្ទាប់ពីខ្សែការពារវ័យ ២៧ឆ្នាំរូបនេះ រួមចំណែកជួយក្លិបលើកពានកាលពីរដូវកាលមុន៕