(អាមេរិក)៖ ពិតណាស់ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងតាំងរៀបចំមហាព្រឹត្តិការណ៍របស់ខ្លួនដើម្បីប្រកាសបង្ហាញផលិតផលថ្មីៗ ដោយ ក្នុងនោះផលិតផលដែលត្រូវបានគេចាប់អារម្មណ៍បំផុតនោះគឺ iPhone ហើយសម្រាប់ឆ្នាំ២០២១នេះ ត្រូវបានគេរំពឹងថា Apple នឹងបង្ហាញ iPhone 13។ ក្រៅពី iPhone ជំនាន់ថ្មី តើ Apple នឹងបង្ហាញផលិតផលអ្វីខ្លះនៅថ្ងៃទី១៤ ខែកញ្ញានេះ?

១) AirPods
កាសត្រចៀក AirPods គឺជាផលិតផលមួយដ៏សំខាន់ដែលបានជួយជំរុញឱ្យក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំកាលពីឆ្នាំ២០២០ ចំនួន ៣០ពាន់លានដុល្លារ និងបានកើនឡើង ២៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ចាប់តាំងពីឆ្នាំ ២០១៩មក ក្រុមហ៊ុន Apple មិនបានប្រកាសបង្ហាញ AirPods ម៉ូដែលថ្មីឡើយ ប៉ុន្តែសម្រាប់ឆ្នាំនេះត្រូវបានគេរំពឹងថាវត្តមាន AirPods ជំនាន់ថ្មី ឬ AirPods 3 នឹងបង្ហាញខ្លួនជាមួយនឹងការរចនារូបរាងថ្មី។

២) iPad
បើយើងនិយាយអំពីផលិតផលរបស់ Apple នោះយើងមិនអាចមើលរំលងបានឡើយចំពោះ iPad ព្រោះវាជាចំណែកមួយដ៏សំខាន់សម្រាប់ ស្វែងរកប្រាក់ចំណូលរបស់ Apple ជាពិសេសស្របពេលដែលកូវីដ១៩នៅតែបន្តរីករាលដាលនេះគឺ iPad នៅតែជាផលិតផលចាំបាច់បំផុត សម្រាប់ប្រើប្រាស់។

កាលពីត្រីមាសទី២កន្លងទៅនេះ Apple រកចំណូលបាន ២៣.៦ពាន់លានដុល្លារពីការលក់ iPad ដោយបានកើនឡើង ៣៩ភាគរយ បើធៀប នឹងឆ្នាំ២០២០ ហើយសម្រាប់ឆ្នាំ២០២១នេះ វត្តមាន iPad គឺពិតជាបង្ហាញខ្លួន ជាមួយនឹងការផ្ដល់ប្ដូររូបរាងបន្តិចបន្ទូច ប៉ុន្តែសម្រាប់សមត្ថភាពគឺអស្ចារ្យជាងមុន ដោយសារតែ Apple នឹងបញ្ចូលកម្មវិធីពិសេសៗជាច្រើនសម្រាប់ជាជំនួយដល់ការសិក្សាតាមអនឡាញ។

៣) Apple Watch
Apple Watch ត្រូវបានក្រុមហ៊ុន Apple ប្រកាសបង្ហាញម៉ូដែលថ្មីចាប់តាំងពីឆ្នាំ២០១៦មក ហើយនៅឆ្នាំ២០២០កន្លងទៅនេះ Apple Watch បានកើនការលក់រហូតដល់ ១១ភាគរយ។ កាលពីឆ្នាំ២០២០ Apple Watch Series 6 និង Apple Watch SE ត្រូវបានបង្ហាញខ្លួន ហើយនៅឆ្នាំ២០២១នេះ គេរំពឹងថា Apple Watch Series 7 ក៏បង្ហាញខ្លួនដូចគ្នា។

ពាក់ព័ន្ធនឹង Apple Watch Series 7 ឬ Apple Watch ជំនាន់ថ្មី ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា សង្វាក់ផលិតកម្មរបស់ វាគឺមានបញ្ហា ដែលអាចនាំឱ្យក្រុមហ៊ុន Apple អាចនឹងពន្យារពេលក្នុងការប្រកាសបង្ហាញ ប៉ុន្តែថ្មីៗនេះសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន Apple បានដោះស្រាយទៅលើបញ្ហារាំងស្ទះនោះអស់ហើយ ព្រមទាំងបានត្រៀមបង្ហាញ Apple Watch ជំនាន់ថ្មីនៅថ្ងៃទី១៤ ខែកញ្ញានេះទៀតផង។

គួរបញ្ជាក់ផងដែរថា iPhone 13 ឬ iPhone ជំនាន់ថ្មីត្រូវបានគេរាយការណ៍មកថា អាចនឹងមានទំហំ Storage រហូតដល់ 1TB និងមានរហូតដល់ទៅ ៦ពណ៌ផ្សេងគ្នា ជាពិសេសគឺអាចភ្ជាប់ទៅកាន់ផ្ដាយរណបបានទៀតផង៕