(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Martin Braithwaite របស់ FC Barcelona នឹងត្រូវអវត្តមានរយៈពេលយូរ បន្ទាប់ពីក្លិបបានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងត្រូវវះកាត់ជង្គង់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះបានចាប់ផ្តើមការប្រកួតទាំង៣ ក្នុងលីគ La Liga របស់ក្លិប Barca ក្នុងរដូវកាលនេះ និងបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៤-២ នៃការប្រកួតបើកឆាក ប៉ុន្តែបានរបួសជង្គង់ក្នុងការប្រកួតឈ្នះ ២-១ លើក្រុម Getafe កាលពីថ្ងៃទី២៩ ខែសីហា។

កីឡាករវ័យ ៣០ឆ្នាំរូបនេះនឹងខកខានការប្រកួតក្នុងរយៈពេល ៣ទៅ៤ខែខាងមុខ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានចេញផ្សាយ ជាមួយនឹងក្លិប Barca បានបន្ថែមថា ពួកគេនឹងចេញផ្សាយនូវរបាយការណ៍វេជ្ជសាស្ត្រថ្មីមួយ បន្ទាប់ពីការវះកាត់របស់លោក។

ការរងរបួសរបស់កីឡាករ Braithwaite បានបន្ថែមនូវការខ្វះខាតកីឡាករខ្សែប្រយុទ្ធរបស់ក្លិប Barca ជាមួយនឹងកីឡាករចុះកិច្ចសន្យាថ្មី Sergio Aguero នៅតែរង់ចាំការចាប់ផ្តើមលេងរបស់លោក បន្ទាប់ពីរបួសសរសៃកំភួនជើងកាលពីខែមុន។

Sergio Aguero មិនទាន់ត្រឡប់មកវិញបានទេរហូតដល់ពាក់កណ្តាលខែតុលា ស្របពេលដែលខ្សែប្រយុទ្ធវ័យជំទង់ Ansu Fati នៅតែរង់ចាំ ក្នុងការត្រឡប់មកវិញ បន្ទាប់ពីទទួលការវះកាត់ជង្គង់កាលពីរដូវកាលមុនដែរ។

ក្លិបបានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធហូឡង់ Luuk de Jong លេងក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Sevilla នៅថ្ងៃចុងក្រោយនៃរដូវកាលផ្ទេរកីឡាករ ស្របពេលដែលអនុញ្ញាតឲ្យកីឡាករ Antoine Griezmann ចូលរួមជាថ្មីជាមួយក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។

Barca នឹងចាប់ផ្តើមយុទ្ធនាការ Champions League របស់ពួកគេនៅថ្ងៃអង្គារសប្តាហ៍នេះដោយធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Bayern Munich មកពីអាល្លឺម៉ង់ ដែលបានយកឈ្នះពួកគេក្នុងលទ្ធផល ៨-២ ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយកាលពីខែសីហា ឆ្នាំ២០២០៕