(ឡុងដ៍)៖ ខ្សែបម្រើក្លិបតោខៀវ Chelsea កីឡាករ N'Golo Kante នឹងមិនអាចចូលរួមក្នុងការប្រកួតបើកឆាកពានអឺរ៉ុប UEFA Champions League បានឡើយដែលត្រូវប៉ះក្រុម Zenit St. Petersburg។ នេះបើតាមសម្តីអ្នកចាត់ការ Thomas Tuchel បានលើកឡើងនៅថ្ងៃចន្ទនេះ មុនពេលប៉ះគ្នា ក្នុងពូល H របស់ពួកគេតទល់នឹងក្លិបរបស់រុស្ស៊ីនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ។

Kante បានមានបញ្ហារបួសកជើងក្នុងរដូវកាលនេះ ហើយត្រូវបានដាក់ជំនួសក្នុងការប្រកួតពាក់កណ្តាលម៉ោងតទល់នឹងក្រុម Liverpool មុនពេលការសម្រាកអន្តរជាតិនៅពេលដែលបញ្ហា បានកើតឡើងម្តងទៀត ហើយក្រោយមកទៀតលោកបានខកខានការប្រកួតវគ្គជម្រុះ World Cup ជាមួយក្រុមជម្រើសជាតិបារាំង។

លោក Tuchel ធ្លាប់រំពឹងថា Kante អាចវិលត្រឡប់មកវិញ ក្នុងការប្រកួតប៉ះនឹងក្រុម Zenit ប៉ុន្តែឥឡូវនេះលោករំពឹងថា កីឡាករវ័យ៣០ឆ្នាំនេះ នឹងវិលត្រឡប់មកវិញក្នុងដំណើរទៅជួបក្រុម Tottenham Hotspur ក្នុងលីគ Premier League នាថ្ងៃអាទិត្យនេះ។

លោក Tuchel បានបន្ថែមថា Chelsea ក៏នឹងគ្មានវត្តមានខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Christian Pulisic ផងដែរ ខណៈលោកបន្តជាសះស្បើយ ពីរបួសកជើង។

ដោយឡែកការចុះកិច្ចសន្យាជាមួយកីឡាករ Ben Chilwell តម្លៃ ៥០លានផោន (៦៩,១៥លានដុល្លារ) របស់ក្លិប Chelsea ក៏មិនទាន់អាចចូលលេងបាននោះដែរក្នុងរដូវកាលនេះដោយលោក Tuchel បានលើកឡើងថា កីឡាករខ្សែការពាររូបនេះត្រូវតែអត់ធ្មត់៕