(ហ្សូរិច)៖ ខ្សែប្រយុទ្ធ Edinson Cavani គ្មានឈ្មោះក្នុងជម្រើសនៃក្រុម Manchester United ដោយសារមានបញ្ហារបួសបន្តិចបន្ទួចក្នុងជំនួបបើកឆាកជម្រុះពាន UEFA Champions League ខណៈខ្សែប្រយុទ្ធ Cristiano Ronaldo បានរួមដំណើរហោះទៅប្រជែងជាមួយក្រុមម្ចាស់ផ្ទះ Young Boys របស់ស្វីសក្នុងជំនួបជើងទី១ ប្រចាំពូល F ដែលក្រុម Villarreal ប៉ះ Atalanta។

ប្រភពពី BBC បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Cavani នឹងត្រូវអវត្តមានប្រមាណជាង ១សប្តាហ៍ ហើយក្នុងនោះក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer ក៏បានជ្រើសយកខ្សែបម្រើស្លាប វ័យ ១៩ឆ្នាំ Anthony Elanga និងអ្នកចាំទីវ័យ ២២ឆ្នាំ Matej Kovar ក្នុងជម្រើស ២២នាក់ដែរ។

នេះជាការត្រឡប់មកវិញរបស់ Ronaldo ក្នុងជម្រើស ២២នាក់សម្រាប់ក្លិប Man Utd នៃការប្រកួតបើកឆាក UCL រដូវកាលឆ្នាំ២០២១-២២ ចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយកាលឆ្នាំ២០០៩ ក្នុងជំនួបចាញ់ក្រុម FC Barcelona ២-០ នៅវគ្គផ្តាច់ព្រ័ត្រ៕