(ភ្នំពេញ)៖ ពន្លឺ គឺធ្វើដំណើរលឿនខ្លាំងណាស់ ដែលយើងមិនអាចមើលទាន់ដោយភ្នែកទទេបានឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានប្រើឧបករណ៍ផ្សេងៗសម្រាប់វាស់ល្បឿនរបស់វា ដោយពួកគេបានរកឃើញថាវាមានល្បឿនលឿនបំផុតដល់ទៅ ៣០០,០០០ គីឡូម៉ែត្រក្នុងមួយវិនាទី ហើយយឺតបំផុតគឺត្រឹមតែ ៦១ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

នៅក្នុងសុញ្ញាកាសដែលមានតែលំហអវកាសដ៏ធំល្វឹងល្វើយនោះ ពន្លឺធ្វើដំណើរដោយល្បឿនលឿនខ្លាំងបំផុត ពីព្រោះមិនមានអ្វីរាំងស្ទះដល់ការធ្វើដំណើររបស់វាឡើយ។ នៅក្នុងសុញ្ញាកាសនេះ ពន្លឺធ្វើដំណើរក្នុងល្បឿនប្រមាណ ៣០០,០០០ គីឡូម៉ែត្រក្នុងមួយវិនាទី។ ប៉ុន្តែនៅពេលពន្លឺធ្វើដំណើរឆ្លងការវត្ថុ ឬភាវៈអ្វីមួយនោះ វាតែងមានការប្រែប្រួលល្បឿនរបស់វា ដែលមានការថយចុះយឺតជាងការធ្វើដំណើរនៅក្នុងសុញ្ញាកាស។ ឧទាហរណ៍ នៅពេលពន្លឺធ្វើដំណើរឆ្លងការគ្រាប់ពេជ្រ ល្បឿនរបស់វាធ្លាក់មកត្រឹម ១២៨,០០០ គីឡូម៉ែត្រក្នុងមួយវិនាទី។

នារយៈពេលចុងក្រោយនេះផងដែរ អ្នកវិទ្យាសាស្ត្របានកត់ត្រាការរកឃើញថ្មីទៀតថា នៅពេលពន្លឺធ្វើដំណើរឆ្លងកាត់អង្គធាតុសូដ្យូមដែលមានសីតុណ្ហភាព -២៧២ អង្សាសេ វាមានលទ្ធភាពធ្វើដំណើរក្នុងល្បឿនត្រឹមតែ ៦១ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ដូច្នេះយើងអាចវាយតម្លៃបានថា ពន្លឺធ្វើដំណើរលឿន ឬយឺត ក៏អាស្រ័យទៅលើវត្ថុដែលវាឆ្លងកាត់នោះដែរ។

យើងមិនអាចឃើញពន្លឺបាននោះទេ គឺបានត្រឹមតែឃើញវត្ថុដែលពន្លឺចាំងប៉ះប៉ុណ្ណោះ។ ទោះបីស្ដាប់ទៅគួរជឿបន្តិច មិនចង់ជឿបន្តិចក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្ត្របានពន្យល់ថា ប្រសិនបើយើងមិនឃើញពន្លឺបានមែននោះ វានឹងក្លាយទៅជាអ័ព្ទមួយប្រភេទដែលបាំងកែវភ្នែករបស់យើងជាក់ជាមិនពុំខាន ដែលវាធ្វើឱ្យយើងមើលអ្វីផ្សេងទៀតមិនសូវឃើញ ឬមិនឃើញតែម្ដង៕