(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានស្នើសុំ និងត្រៀមរៀបចំការប្រកួតនាខែតុលាខាងមុខ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកការប្រកួតវិញហើយ ដោយសារស្ថានភាពជំងឺវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយ។

តាមការជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា «ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា សម្រេចជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្អាកការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ដែលគ្រោងនឹងរៀបចំការប្រកួតនៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ»

បន្ទាប់ពីផ្អាកការប្រកួត សហព័ន្ធនៅមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទថ្មី នឹងប្រកួត ឬត្រូវពន្យារពេលដល់ឆ្នាំ២០២២ នោះទេ ដ្បិតសហព័ន្ធបានជូនដំណឹងដល់បណ្ដាប្រទេសអាស៊ានរួចរាល់ហើយ អំពីការត្រៀមរៀបចំព្រឹត្តិការណ៍កម្រិតតំបន់នេះ។ ប៉ុន្ដែដោយសារការផ្អាកនេះ សហព័ន្ធក៏ពុំទាន់ទទួលបានទិន្នន័យចំនួនប្រទេស និងកីឡាករចូលរួមដែរ។ នេះបើតាមការបញ្ជាក់របស់លោក ពេជ្រ សូផែន អគ្គលេខាធិការរងសហព័ន្ធ។

យ៉ាងណាមិញអគ្គលេខាធិការរងដដែលនៅតែមានសុទិដ្ឋិនិយម ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នៅក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយ ដើម្បីបង្កើនសិទ្ធផលរបស់កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរឲ្យកាន់តែមានសក្តានុពល សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង៕