(ភ្នំពេញ)៖ ក្រោមពាក្យស្លោក «លីប៉ាយ» គិតគូរពីសុខភាពប្រជាជនជាធំ ដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គម ពិសេសដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញនោះ ក្រុមហ៊ុន «សាប៊ូលីប៉ាយ» បានប្រកាសក្នុងការផ្តល់ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវសាប៊ូលីប៉ាយឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានប្រើប្រាស់។

ការប្រកាសនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១នេះ គ្រាដែលក្រុមហ៊ុនខាងលើ បានរៀបចំកម្មវិធីសប្បុរសធម៌នេះ ក្នុងបរិវេណវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តំណាងក្រុមហ៊ុន គណៈនាយកវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូ។

លោក ម៉ាន់ ពន្លឺ ពេជ្រ តំណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានបញ្ជាក់ថា ស្របទៅតាមវិធានការនៃការចូលរួមការបង្ការ ទប់ស្កាត់ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលលើវិធានការ «៣កុំ ៣ការពារ» និងការគាំទ្រក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន តាមគន្លងប្រក្រតីភាពថ្មី។

ដោយមើលឃើញពីសារៈសំខាន់ និងតម្រូវការចាំបាច់ នៃការប្រើប្រាស់សាប៊ូដើម្បីលាងសម្អាតដៃ និងសាប៊ូសម្អាតអនាម័យ ក្នុងបន្ទប់ទឹក ទើបក្រុមហ៊ុនសម្រេចផ្តល់ជូនសាប៊ូទាំងនេះទៅកាន់គ្រឹះស្ថានសិក្សាទាំងអស់ អាចប្រើប្រាស់បានតាមតម្រូវការភ្លាមៗផងដែរ។ លោកបានគូសបញ្ជាក់ដែរថា គម្រោងផ្តល់ជូននេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃប្រកាសនេះតទៅដោយ។

លោកតំណាងក្រុមហ៊ុន រំពឹងដែរថា ការផ្តល់ជូននេះនឹងបានចូលរួមចំណែកយ៉ាងសំខាន់ និងចូលរួមគាំទ្រការពារធានាសុខមាលភាពរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយសាប៊ូទាំងនេះអាចប្រើប្រាស់បានក្នុងកន្លែងលាងដៃ និងកន្លែងដែលមានមនុស្សចេញចូលញឹកញាប់ដូចជាបន្ទប់ទឹក ដែលសាលាបានរៀបចំសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូ។

លោក ម៉ាន់ ពន្លឺពេជ្រ បានរំពឹងផងដែរថា ការផ្តល់ជូនដល់គ្រឹះស្ថានសិក្សានានានូវសាប៊ូនេះ នឹងចូលរួមចំណែកជួយសម្រួល និងបង្កើនអអនាម័យ តាមគ្រឹះស្ថានឲ្យកាន់តែល្អប្រសើរឡើងផងដែរ ហើយនេះ គឺជាអ្វីដែលក្រុមហ៊ុន អាចចូលរួមចំណែក ជួយដល់សង្គមវិញផងដែរ។

ក្នុងពិធីប្រគល់ទទួលសាប៊ូលីប៉ាយ នៅវិទ្យាល័យច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា បានចាត់ទុកថា ការផ្តល់ក្រុមហ៊ុន សាប៊ូលីប៉ាយនេះ ជាការចូលរួមចំណែករបស់ផ្នែកឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាតត្បាតជំងឺកូវីដ-១៩។

លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានថ្លែងកោតសរសើរ ដល់គុណបំណាច់របស់សម្តេចតេជោ មិនត្រឹមតែជួយរំដោះជីវិតប្រជាពលរដ្ឋកម្ពុជា ពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ថែមទាំងបានការពារអាយុប្រជាពលរដ្ឋកម្ពុជា តាមរយៈការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះ ស្ទើរតែគ្រប់១០០ភាគរយ នៅទូទាំងប្រទេស។

បើតាមលោក ចេង មុនីរ៉ា បានឲ្យដឹងថា មានវិទ្យាល័យចំនួន៤ និងអនុវិទ្យាល័យចំនួន៤ នៅខណ្ឌច្បារអំពៅ បើកដំណើរជាលើកដំបូង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ជាមួយនេះដែរ លោកក៏បានអំពាវនាវ ដល់លោកគ្រូអ្នកគ្រូបង្កើតការអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ និងជំរុញសិស្សានុសិស្ស ឲ្យធ្វើការលាងដៃជាប្រចាំជាមួយសាប៊ូដែលក្រុមហ៊ុនលីប៉ាយបានចែកជូន។

ក្នុងឱកាសនេះដែរ ក្រុមហ៊ុន ក៏បានរៀបចំពិធីតំណាងក្នុងការប្រគល់ជូនដល់សាលាខណ្ឌ ការិយាល័យអប់រំ និងសាលានីមួយៗ ទទួលបាននូវសាប៊ូលាងដៃ, សាប៊ូ និងម៉ាស់ ៕