(សានភីធើស្បឺក)៖ ក្រុមបាល់ទាត់តោខៀវ Chelsea នឹងចាប់ផ្តើមការពារតំណែងជើងឯកពានអឺរ៉ុប UEFA Champions League (UCL) ដោយការប្រកួតដំបូងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Zenit St. Petersburg នៅវេលាម៉ោង ២៖០០នាទីឈានចូលព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញាស្អែកនេះ (ម៉ោងនៅកម្ពុជា) ខណៈគ្រូបង្វឹក លោក Thomas Tuchel បានជំរុញកីឡាករឲ្យស្រេកឃ្លានជ័យជម្នះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃអង្គារនេះ។

banner

បុរសសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវបានបញ្ជាក់ក្នុងសន្និសីទមុនការប្រកួតថា «យើងមិនខ្មាសគេទេដែលនិយាយថា យើងប្រយុទ្ធគ្រប់ការប្រកួតដែលយើងត្រូវប៉ះ។ នៅពេលយើងលេង Champions League យើងខិតខំសម្រាប់លទ្ធផលដ៏ល្អបំផុត (អតិបរមា)។ ថ្ងៃស្អែក មានន័យថា យើងទទួលបាន ៣ពិន្ទុ។ ស្តាប់មើលទៅ វាជាការអួតអាង និងគួរឲ្យធុញទ្រាន់ ប៉ុន្តែនេះជាអ្វីដែលយើងត្រូវទទួលបាន»

លោកបានបន្តថា «យើងត្រូវតែចាប់ផ្តើមពីដំបូង ហើយចាប់ផ្តើមយ៉ាងល្អ។ សូមរង់ចាំមើលថា តើដំណើរមួយនេះ ត្រូវចំណាយពេលវេលាយើងយូរកម្រិតណា។ សង្ឃឹមថា ខ្ញុំអាចបង្ហាញដល់មហាជន និងខ្លួនខ្ញុំផ្ទាល់ថា ខ្ញុំអាចធ្វើគ្រប់យ៉ាងបាន»។

សូមបញ្ជាក់ថា ខ្សែបម្រើដ៏សំខាន់របស់ Chelsea គឺកីឡាករ N'Golo Kante នឹងមិនអាចចូលរួមក្នុងការប្រកួតបើកឆាកពានអឺរ៉ុប UEFA Champions League បានឡើយ ដែលត្រូវប៉ះក្រុម Zenit St. Petersburg របស់រុស្ស៉ី។

បើតាមការបញ្ជាក់របស់លោក Tuchel មុនពេលប៉ះគ្នាក្នុងពូល H របស់ពួកគេទល់នឹងក្លិបរបស់រុស្ស៉ីខាងលើ ដោយបានបន្ថែមថា ក្រុមតោខៀវក៏នឹងគ្មានវត្តមានខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Christian Pulisic ផងដែរ ខណៈលោកបន្តជាសះស្បើយពីរបួសកជើងក៏ដោយ៕