(ភ្នំពេញ)៖ យុវតី Brittany Melirachana Soun ដែលមានឪពុកម្ដាយជាខ្មែរ និងចាប់ផ្ដើមកំណើតនៅសហរដ្ឋអាមេរិក បានបង្ហាញពីបំណងចង់ចូលរួមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ការបញ្ជាក់លើបណ្ដាញសង្គមរបស់សហព័ន្ធបានឲ្យដឹងថា កីឡាការិនីបាល់ទះឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅសហរដ្ឋអាមេរិករូបនេះ បានស្ម័គ្រចិត្តជួយក្រុមបាល់ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជា ជាពិសេសគឺក្នុងការត្រៀមខ្លួនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

បច្ចុប្បន្ន Brittany Melirachana មានវ័យ ១៦ឆ្នាំ និងកម្ពស់ ១,៨០ម៉ែត្រ ដែលជាសមាជិកក្រុមបាល់ទះក្នុងសាល Varisity Campolindo High School និងជាសមាជិកក្រុមបាល់ទះឆ្នេរខ្សាច់ Kleos Beach Volleyball Club, Elite Development Program 1។

យុវតីរូបនេះធ្លាប់ឈ្នះពានរង្វាន់មួយចំនួន ដូចជាពានរង្វាន់ 2019 California Interscholastic Federation Northern Regional Champion, Division 1, ពានរង្វាន់ 2019 California State Champion Finalist, Divison 1, ពានរង្វាន់ 2019 Campolindo High School JV Coaches Award និងកាលពីថ្មីៗ នាងទើបជួយក្រុមឈ្នះពានរង្វាន់ 2021 Haft Moon Bay AVP U16 Beach Volleyball Tournament Finalist ថែមទៀតផង។

ទន្ទឹមជាមួយការបង្ហាញបំណងមកលេងឲ្យក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់តំណាងប្រទេសកំណើតឪពុកម្ដាយរបស់ខ្លួននេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានបើកភ្លើងខៀវស្វាគមន៍ផងដែរ ដោយសហព័ន្ធបានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា «សហព័ន្ធកីឡាបាល់ទះកម្ពុជា បើកចំហដល់កូនខ្មែរដែលមានសមត្ថភាពទាំងក្នុង និងក្រៅប្រទេសមកជួយដល់ក្រុមជម្រើសជាតិ មិនថាបាល់ទះក្នុងសាល ឬបាល់ទះឆ្នេរខ្សាច់នោះទេ»៕