(កូរ៉េ)៖ BTS បានក្លាយជាសិល្បករដំបូងបំផុតហើយក្នុងប្រវត្តិសាស្ត្រ K-POP ដែលត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In ប្រកាសតែងតាំងជាផ្លូវការ ក្នុងនាមជាបេសកជនពិសេស ចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិ នាពេលខាងមុខនេះ។ ក្នុងពិធីប្រកាសតែងតាំងជាផ្លូវការនេះ សមាជិកម្នាក់ក្នុងក្រុម គឺទទួលបានកាដូរដ៏មានអត្ថន័យពីលោក Moon Jae In ក្នុងនោះរួមទាំងលិខិតឆ្លងដែនកាទូតផងដែរ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុម BTS និងក្រុមការងាររបស់ក្រុមហ៊ុន HYBE បានបង្ហាញវត្តមាននៅវិមានប្រធានាធិបតីកូរ៉េខាត្បូង Blue House ដើម្បីចូលរួមពិធីតាំងតាំង ក្រុម BTS ជាផ្លូវការ ឲ្យធ្វើជាបេសកជនពិសេស ចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ នាពេលខាងមុខ និងមានលោក Moon Jae In ជាអធិបតីភាពផងដែរ។
ក្នុងឈុតសម្លៀកបំពាក់ផ្លូវការ គេសង្កេតឃើញថាក្រុម BTS ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In យ៉ាងជិតស្និទ្ធ។ ហើយអ្វីដែលពិសេស ប្រធានាធិបតី Moon Jae In ក៏បានផ្តល់អំណោយជូននូវលិខិតឆ្លងដែនការទូតដល់ក្រុមចម្រៀងល្បីនេះផងដែរ។ លិខិតឆ្លងដែនការទូតពីប្រទេសកូរ៉េខាងត្បូង គឺអនុញ្ញាតឲ្យ BTS អាចធ្វើដំណើរដល់ទៅ ១៩៩ ប្រទេសដោយមិនចាំបាច់មាន Visa ត្បិតថាលិខិតឆ្លងដែនមួយនេះ គឺមានតែអ្នកមានមុខតំណែងខ្ពស់នៅក្នុងរដ្ឋាភិបាលដូចជា ប្រធានាធិបតី ឬសមាជិកគណៈរដ្ឋមន្រ្តី ប៉ុណ្ណោះ។ អំណោយដ៏ធំនេះ គឺសម្រាប់ការខិតខំប្រឹងប្រែងរបស់ BTS និងសមិទ្ធផលរបស់ BTS ជាច្រើនដែលបានផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសជាតិ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមចម្រៀងល្បីឈ្មោះ BTS ត្រូវបានតែងតាំងសម្រាប់តួនាទីធំៗ តំណាងឲ្យប្រទេសកូរ៉េបែបនេះ ខណៈការតែងតាំងនេះ គឺស្របពេលដែលក្រុមនេះ មាន ឥទ្ធិពលខ្លាំងនៅលើពិភពលោក តាមរយៈស្នាដៃចម្រៀងបន្តបន្ទាប់របស់ពួកគេ ជាពិសេសពួកគេជាផ្នែកមួយ ក្នុងការបញ្ជ្រាបសារនៃក្ដីសង្ឃឹម និងភាពវិជ្ជមានដល់អ្នកគាំទ្រ ទូទាំងពិភពលោក៕