(អាមេរិក)៖ នៅទីបំផុតក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 13 ជាផ្លូវការ និងមាន ៤ម៉ូដែលផ្សេងគឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ព្រមទាំងអាចធ្វើការបញ្ជាទិញទុកមុនបានចាប់ពីថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវ ការនៅថ្ងៃទី២៤ ខែកញ្ញា។

ខាងក្រោមនេះគឺជាលក្ខណ:សម្បត្តិមួយចំនួនរបស់ iPhone 13 ទាំង៤ម៉ូដែល៖

១) ទំហំអេក្រង់
គ្រប់ iPhone 13 ទាំង៤ម៉ូដែលគឺត្រូវបានក្រុមហ៊ុន Apple រក្សាទុកឱ្យនៅដដែល មានន័យថាវាដូចគ្នាទៅនឹង iPhone 12 ផងដែរ ដោយ ក្នុងនោះ iPhone 13 mini មានទំហំអេក្រង់ ៥.៤អ៉ីង, iPhone 13 មានទំហំអេក្រង់ ៦.១អ៉ីង, iPhone 13 Pro មានទំហំអេក្រង់ ៦.១អ៉ីង និង iPhone 13 Pro Max មានទំហំអេក្រង់ ៦.៧អ៉ីង។

២) ទំហំ ឬកម្រិតនៃការប្រើប្រាស់ថ្ម
ពិតណាស់ Apple តែងតាំងព្យាយាមធ្វើនូវអ្វីមួយដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់ ប៉ុន្តែក៏គិតពីបរិស្ថាន និងផលប៉ះពាល់ ដោយនៅពេលនេះ Apple បានបង្កើននូវទំហំថ្មរបស់ iPhone 13 គ្រប់ម៉ូដែល ប៉ុន្តែបានបញ្ចូលនូវបច្ចេកវិទ្យាថ្មីដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ សម្រាប់ iPhone 13 ទាំង៤ម៉ូដែលគឺមានទំហំនៃការក្សាទុកថ្មបានធំជាង iPhone 12 ដោយក្នុងនោះ iPhone 13 កាន់ថ្មបានយូរជាង iPhone រហូតដល់ ២.៥ម៉ោង, iPhone 13 min កាន់បានយូរជាង ១.៥ម៉ោង, iPhone 13 Pro យូរជាង ១.៥ម៉ោង និង iPhone 13 Pro Max យូរជាង ២.៥ម៉ោង។

៣) ពណ៌
នៅមុនពេល Apple ប្រកាសបង្ហាញជាផ្លូវការ គឺពាក្យចចាមអារ៉ាមបានបញ្ជាក់ថា iPhone 13 mini និង iPhone 13 មានរហូតដល់ ៦ពណ៌ ប៉ុន្តែសម្រាប់ព័ត៌មានពិតចេញពី Apple គឺមានតែ ៥ពណ៌ប៉ុណ្ណោះ រួមមាន ក្រហម ខ្មៅ ផ្ដាឈូក ខៀវ និងស ចំណែក iPhone 13 Pro និង iPhone 13 Pro Max មាន ៤ពណ៌គឺពណ៌ក្រម៉ៅ, ពណ៌ប្រាក់, ពណ៌មាស និងពណ៌ខៀវស្រាល។

៤) ទំហំនៃការរក្សាទុកឯកសារ
ក្រុមហ៊ុន Apple បានធ្វើការ Update ទៅលើទំហំនៃការរក្សាទុកឯកសារ ដោយ iPhone 13 mini និង iPhone 13 មាន 128GB, 256GB និង 512GB ចំណែក iPhone 13 Pro និង iPhone Pro Max វិញមានចាប់ពី 128GB រហូតដល់ 1TB៕