(រីយ៉ូ)៖ កូនស្រីច្បងរបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele បានប្រាប់នៅថ្ងៃចន្ទថា ឪពុករបស់នាងត្រូវបានគេរំពឹងថា នឹងផ្លាស់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ក្នុងសប្តាហ៍នេះ ដោយសារតែលោកបានជាសះស្បើយ ពីការវះកាត់ដើម្បីយកដុំសាច់ចេញពីពោះវៀនធំរបស់គាត់។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

បុរសវ័យ ៨០ឆ្នាំខាងលើនេះបានទទួលការវះកាត់នៅមន្ទីរពេទ្យ Albert Einstein ស្ថិតនៅទីក្រុង Sao Paulo នាថ្ងៃទី០៤ ខែកញ្ញា បន្ទាប់ពីដុំសាច់ ត្រូវបានរកឃើញក្នុងកំឡុងពេលធ្វើតេស្ត។

«គាត់បានជាសះស្បើយ ក្រោយទទួលការវះកាត់។ លោកមានស្ថានភាពល្អ។ គាត់នឹងផ្លាស់ប្តូរទៅកាន់បន្ទប់ធម្មតានៅរយៈពេល ១ឬ២ថ្ងៃបន្ទាប់ ហើយក្រោយមកនឹងចេញពីមន្ទីរពេទ្យតែម្តង»។ នេះបើតាមលោកស្រី Kely Nascimento កូនស្រីលោក Pele បានសរសេរនៅលើ Instagram។

លោក Pele បានទទួលរងនូវបញ្ហាជំងឺជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរួមមានទាំងផលវិបាកទាក់ទងនឹងការវះកាត់ប្តូរត្រគាក ក៏ដូចជាស្ថានភាពតម្រងនោម និងក្រពេញប្រូស្តាតផងដែរ៕