(ប៉េកាំង)៖ អត្តពលិកជាង ១២,០០០នាក់នឹងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១៤ របស់ចិន ដែលគេឲ្យឈ្មោះថា «ព្រឹត្តិការណ៍អូឡាំពិកខ្នាតតូច» នៅក្នុងប្រទេសចិន។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ព្រឹត្តិការណ៍កីឡាដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ សរុបមាន ៥៤ប្រភេទកីឡា និងវិញ្ញាសា ៥៩៥ប្រកួត។

អត្តពលិកតំណាងឲ្យខេត្ត, ក្រុង, តំបន់ស្វយ័ត, តំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ, ក្រុមហ៊ុន Xinjiang Production and Construction Corps និងអត្តពលិកតំណាងសមាគមកីឡាផ្លូវដែក និងឧស្សាហកម្មរ៉ែធ្យូងថ្ម ព្រមទាំងតំណាងវិទ្យាស្ថាន និងក្លិប នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើង ៤ឆ្នាំម្តងនេះ។

សម្រាប់វិធានការប្រឆាំងនឹងមេរោគ COVID-19 រួមមាន ការចាក់វ៉ាក់សាំង, ការធ្វើតេស្តរកមេរោគ, ការតាមដាន និងគ្រប់គ្រងសុខភាពយ៉ាងដិតដល់ ត្រូវបានដាក់ឲ្យអនុវត្ត ដើម្បីសុវត្ថិភាពគ្រប់អ្នកចូលរួមទាំងអស់។ នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការរៀបចំកម្មវិធី៕