(ភ្នំពេញ)៖ ក្រុមនាគខៀវបឹងកេត នឹងត្រូវជួបក្រុមកំពូលតារាងវិសាខាម្ដងទៀត ក្នុងជំនួបបើកឆាកជើងទី២ សម្រាប់វគ្គ Top-8 នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ប្រសិនបើក្រុមណាហ្គាវើលដ៏យកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រៃវែងល្ងាចនេះ។

ក្រុមណាហ្គា នឹងជួបក្រុមម្ចាស់ផ្ទះខេត្តព្រៃវែងនាវេលាម៉ោង ៣៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញានេះ នៅកីឡដ្ឋានខេត្តព្រៃវែង ដែលជាជំនួបបង្គ្រប់សប្ដាហ៍ទី១២ បន្ទាប់ពីការប្រកួតនេះ ត្រូវបានពន្យារអស់ ១សប្ដាហ៍ ដោយសាររកឃើញមន្ដ្រីក្លិបណាហ្គាវើលដ៏ម្នាក់វិជ្ជមានកូវីដ-១៩។

ជុំវិញការប្រកួតរវាងក្រុមទាំងពីរនេះ ត្រូវបានអ្នកគាំទ្រទាញភ្ជាប់ទៅនឹងការប្រកួតសងសឹកដ៏ធំរវាងក្រុមបឹងកេត និងវិសាខា ដោយពួកគេរំពឹងថា ក្រុមខ្លាំងទាំងពីរមានភាគរយខ្ពស់ នឹងត្រូវជួបគ្នាបើកឆាកជុំទី២ នាចុងសប្ដាហ៍នេះ ព្រោះអ្នកគាំទ្រជឿជាក់ថា ណាហ្គាវើលដ៏មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះខេត្តព្រៃវែង។

ហេតុអ្វីបានអ្នកគាំភ្ជាប់ការប្រកួតបញ្ចប់ជុំទី១ រវាងណាហ្គាវើលដ៏ និងព្រៃវែង ទៅនឹងការប្រឈមមុខដាក់គ្នារវាងបឹងកេត និងវិសាខាបែបនេះ? ផ្អែកលើលទ្ធផលចាប់ឆ្នោតប្រកួតជុំទី១ របស់ CNCC កាលពីថ្មីៗ ក្រុមឈរចំណាត់ថ្នាក់លេខ១ នៃជុំទី១ គឺស្ថិតនៅទីតាំង MCL-5, លេខ២ ស្ថិតនៅទីតាំង MCL-6, លេខ៣ ស្ថិតនៅទីតាំង MCL-2, លេខ៤ ស្ថិតនៅទីតាំង MCL-3 និងលេខ៥ ស្ថិតនៅទីតាំង MCL-1 ជាដើម។

ក្រឡេកទៅមើលតារាងពិន្ទុជុំទី១ បច្ចុប្បន្ន វិសាខា កំពុងឈរកំពូលតារាង មានន័យថា ស្ថិតនៅទីតាំង MCL-5។ រីឯបឹងកេត កំពុងឈរលេខ៤ និងមាន ២៤ពិន្ទុ ខណៈណាហ្គាវើលដ៏ ឈរលេខ៥ មាន ២២ពិន្ទុ ប៉ុន្ដែក្រុមលោក មាស ចាន់ណា នៅសល់ ១ប្រកួតថ្ងៃនេះទៀត។ ដូច្នេះបើណាហ្គាវើលដ៏ឈ្នះ ពួកគេនឹងរំកិលទៅឈរលេខ៤ មានន័យថា ស្ថិតនៅទីតាំង MCL-3 ខណៈបឹងកេត ត្រូវធ្លាក់មកឈរលេខ៥ ស្ថិតនៅទីតាំង MCL-1។

ដូច្នេះយោងតាមកម្មវិធីប្រកួត ដែលបានកំណត់ ក្រោយបញ្ចប់ការចាប់ឆ្នោតជុំទី២ កាលពីថ្មីៗ ក្រុមស្ថិតនៅទីទាំង MCL-5 និងត្រូវជួបក្រុម MCL-1 មុនគេ នៅថ្ងៃទី១៨ ឬ១៩ ខែកញ្ញាចុងសប្ដាហ៍នេះ ហើយបើណាហ្គាវើលដ៏ ឈ្នះការប្រកួតលើខេត្តព្រៃវែងនេះ ច្បាស់ណាស់ បឹងកេត នឹងត្រូវជួបវិសាខា នៅទឹកដីកីឡដ្ឋានព្រីនស៍វិញម្ដង ដ្បិតជើងទី១ ក្រុមការពារតំណែងជើងឯកបឹងកេត ទើបចាញ់វិសាខា ៥-១ ក្នុងដី កាលពីចុងសប្ដាហ៍មុន។

ប៉ុន្ដែករណីបើការប្រកួតល្ងាចនេះ ណាហ្គាវើលដ៏ បានត្រឹមស្មើ ឬចាញ់ខេត្តព្រៃវែងវិញនោះ ក្រុមដែលត្រូវជួបវិសាខាបើកឆាកជើងទី២ មិនមែនជាក្រុមបឹងកេតនោះទេ ពោលគឺក្រុមណាហ្គាវើលដ៏ផ្ទាល់តែម្ដង ។ ក្នុងម៉ោងដំណាលគ្នាថ្ងៃនេះដែរ ក្រៅពីគូប្រកួតបង្គ្រប់សប្ដាហ៍ទី១២ ខាងលើ ក៏មានគូប្រកួតបង្គ្រប់សប្ដាហ៍ទី៩ មួយប្រកួតទៀតដែរ រវាងក្រុមនគរបាលជាតិ និងក្រុមគិរីវង់ នៅទីលាន 7NG ខណៈប្រកួតនេះ គិរីវង់ ត្រូវការយ៉ាងហោច ១ពិន្ទុ ដើម្បីឡើងវគ្គ Top-8៕