(មេនឆេស្ទើ)៖ ថ្មីៗនេះមានការចុះផ្សាយជាច្រើនពាក់ព័ន្ធនឹងក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខាជាមួយ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់ បន្ទាប់ពីផ្លាស់ចេញពី Juventus លើកិច្ចសន្យា ២ឆ្នាំ ដែលជាការវិលមកទ្រនំដើមវិញ ក្រោយចាកចេញក្នុងរយៈពេលដ៏យូរដល់ទៅ ១២ឆ្នាំ។

ក្លិបដែលមានមូលដ្ឋាននៅអង់គ្លេស បានចំណាយប្រាក់ប្រមាណ ១២.៨៧លានផោន បូកថែមថ្លៃផ្តាច់កិច្ចសន្យា ៦.៨៦លានផោន សម្រាប់កីឡាករលំដាប់កំពូលពិភពលោកនេះ។

បើនិយាយពីអាវរបស់ Cristiano Ronaldo គឺបានលក់បំបែកកំណត់ត្រាពិភពលោក ក្នុងទឹកប្រាក់ដែលទទួលបានរហូតដល់ទៅ ១៨៧លានផោន ឬជិត ២៥៩លានដុល្លារឯណោះ។ នេះបើតាមការស្រាវជ្រាវរបស់ Lovethesales.com ដោយបន្ថែមថា អាវរបស់ Ronaldo មានសន្ទុះលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលជាក្របខណ្ឌកំពូលអង់គ្លេស និងជាក្របខណ្ឌកីឡាបាល់ទាត់ចំណាត់ថ្នាក់លេខ១ លើពិភពលោកដែរ។

ជាការពិតណាស់ United មិនបានទទួលចំនួនប្រាក់ទាំងអស់នោះទេ។ បើតាមលោក Kieran Maguire បញ្ញវន្តជនជាតិអង់គ្លេស ដែលជាអ្នកនិពន្ធ និងជាអ្នកកាន់កម្មវិធីផ្សព្វផ្សាយដ៏ល្បីមួយរូបបញ្ជាក់ថា «គ្រប់ក្លិបបាល់ទាត់ ទទួលបានប្រាក់ចំណេញពីការលក់អាវកីឡាករត្រឹមតែ ៧% ប៉ុណ្ណោះ»

នេះដោយសារតែក្រុមហ៊ុន គឺជាដៃគូរសហការជាមួយក្លិបដែលបានបង់ថវិការាប់លានផោនឲ្យក្លិបក្នុង ១ឆ្នាំៗ ដើម្បីឲ្យក្លិបជួយផ្វព្វផ្សាយពីផលិតផលខ្លួន។ និយាយដោយសារមញ្ញ ក្លិបមិនមែនជាអ្នកផលិតអាវនោះទេ គឺក្រុមហ៊ុនទេដែលជាអ្នកផលិតអាវ ដើម្បីលក់នៅលើទីផ្សារ។

បន្ថែមលើនេះ យោងតាមការស្រាវជ្រាវរបស់ Lovethesales.com បានបន្ថែមថា ពាក់ព័ន្ធនឹងការលក់អាវ Cristiano Ronaldo គឺក្លិបបិសាចក្រហម ទទួលបានប្រាក់ចំណេញ ១៣.១លានផោន ដែលជាទំហំដ៏ធំលើសពីថ្លៃផ្ទេរ Ronaldo ពីក្លិបសេះបង្កង់ទៅទៀត។

បើគេធ្វើការប្រៀបធៀបជាមួយនឹងការលក់អាវរបស់កីឡាករសញ្ជាតិអាហ្សង់ទីន Messi នៅក្លិបបារាំង Paris Saint-Germain គឺមានចំនួន ១០៣.៨លានផោន ដែលធ្វើឲ្យក្លិបទទួលបានប្រាក់ចំណេញ ៧.៣លានផោន៕