(ក្រុងឡុងដ៍)៖ ក្លិប Liverpool បានបង្ហាញថា ខ្សែបម្រើ Harvey Elliott បានទទួលការវះកាត់របួសកជើងដោយជោគជ័យកាលពីថ្ងៃអង្គារ និងអាចត្រឡប់មកវិញបាននៅក្នុងរដូវកាលនេះ ដែលបញ្ហារបួសនេះបានកើតឡើងកាលពីជំនួប Liverpool ប៉ះក្រុម Leeds United នៃលីគ Premier League។ នេះបើតាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

Elliott បច្ចុប្បន្នវ័យ ១៨ឆ្នាំ បានទទួលរងរបួសកជើងយ៉ាងធ្ងន់ធ្ងរដែលប៉ះទង្គិចជាមួយកីឡាករ Pascal Struijk ក្នុងជំនួបដែល Liverpool បញ្ចប់ក្នុងលទ្ធផល ៣-០ លើក្រុមម្ចាស់ផ្ទះ Leeds United ដែលហង្សក្រហម Liverpool ក៏បានបង្ហាញថា ខ្សែបម្រើ Elliott បានរងរបួសឆ្អឹងកជើងធ្ងន់ធ្ងរ ខណៈវេជ្ជបណ្ឌិត Jim Moxon បាននិយាយថា ការវះកាត់ទទួលបានជោគជ័យហើយ និងអាចត្រឡប់មកវិញនៅរដូវកាលនេះដែរ តែមិនអាចកំណត់ពេលវេលាច្បាស់លាស់នោះទេ។

កាលពីថ្ងៃចន្ទ ខ្សែការពារ Elliott បានឆ្លើយតបនៅលើបណ្តាញសង្គម (Instagram) ចំពោះខ្សែការពារ Pascal Struijk វ័យ ២២ឆ្នាំថា «គ្មានអ្វីត្រូវសុំអភ័យទោសនោះទេ» គ្រាដែលមិត្តរួមក្រុម Liverpool មានខកចិត្តជាខ្លាំងចំពោះបញ្ហានេះ ហើយគ្រោងធ្វើរឿងមួយដោយនឹងឈរជារង្វង់ជុំវិញចំពោះ Elliott ពេលត្រឡប់ជាសះស្បើយវិញដែរ៕