(សេអ៊ូល)៖ និយ័តករកូរ៉េខាងត្បូង បានប្រកាសផាកពិន័យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ចំនួន ១៧៦.៩លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចរាំងខ្ទប់ទីផ្សារ និង បង្ខំឱ្យ ក្រុមហ៊ុនផលិតទូរស័ព្ទរបស់កូរ៉េខាងត្បូងចុះកុងត្រាលើទៅតាមលក្ខខណ្ឌដែល ខ្លួន បានកំណត់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បាន ព្យាយាមប្លក់ទីផ្សារស្មាតហ្វូនតាមរយៈការបង្ខំឱ្យក្រុមហ៊ុនផលិតទូរស័ព្ទដៃផ្សេងៗដូចជា Samsung និង LG ចុះកិច្ចព្រមព្រៀង ប្រើប្រាស់តែ ប្រព័ន្ធដំណើរការ Android OS មួយ និងប្រើបានតែ Android OS ដែល Google បានកំណត់ប៉ុណ្ណោះ ពោលគឺគ្មានសិទ្ធិកែប្រែទៅលើ OS នោះឡើយ។

នៅមានលក្ខខណ្ឌមួយចំនួនទៀតដែលនៅក្រោយនៃកិច្ចព្រមព្រៀងរបស់ Google និងក្រុមហ៊ុនផលិតស្មាតហ្វូន ប៉ុន្តែមិនត្រូវបាននិយ័តករកូរ៉េខាង ត្បូងបង្ហាញឱ្យដឹងឡើយ គ្រាន់តែដឹងថា Google គឺបានប្រើប្រាស់អំណាចរបស់ខ្លួនរារាំងទីផ្សារ ស្មាតហ្វូន និងបាន ធ្វើការប្រកួតប្រជែងដោយមិន ស្មោះត្រង់ថែមទៀងផង។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ និយ័តករកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មី ដោយតម្រូវឱ្យក្រុមហ៊ុន Google បញ្ឈប់សកម្មភាព តម្រូវឱ្យ Developer ប្រើប្រាស់សេវាកម្មបង់ប្រាក់របស់ខ្លួន និងការទាមទារកម្រៃជើងសា៕