(ភ្នំពេញ)៖ ក្រោយស្ងាត់បាត់ពីខ្សែចក្ខុទស្សនិកជនអស់ពេលដ៏យូរ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបើកសករាជថ្មីហើយ ដោយការបង្កើតសង្វៀនប្រកួតផ្ទាល់ខ្លួន គឺកម្មវិធីប្រកួតកីឡាប្រដាល់សកល Ultimate Boxing Championship 2021 ដែលបានធ្វើសន្និសីទ ស្ដីពីការរៀបចំការប្រកួតផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។

លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការបង្កើតកម្មវិធីនេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាដុះខាត់សមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ដើម្បីត្រៀមការប្រកួតលើឆាកអន្ដរជាតិ ពិសេសត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបានបញ្ជាក់ក្នុងសន្និសីទថា «ខ្ញុំសូមអរគុណប្អូន សុភ័ណ្ឌ (អគ្គលេខាធិការសហព័ន្ធ) ដែលមានគំនិតរៀបចំ និងទំនាក់ទំនងបើកការប្រកួតប្រដាល់សកលនេះឡើង ព្រោះប្រដាល់សកលយើងនេះ ស្ថាត់បាត់យូរណាស់ហើយ ស្ទើរគ្មានសកម្មភាពអ្វីទាំងអស់។ ចឹងវាធ្វើឲ្យប្រភេទកីឡានេះ ហាក់បាត់ពីខ្សែចក្ខុរបស់ទស្សនិកជន...។ យើងពិតជាត្រេកអរ ហើយសង្ឃឹមថា គណៈកម្មការ និងកីឡាករ-កីឡាការិនី នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម និងឆ្នាំ២០២៣ នៅកម្ពុជា»

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School ក៏បានថ្លែងដែរថា ដើម្បីបានឧបត្ថម្ភដល់ការបង្កើនសង្វៀនប្រដាល់សកលលើកដំបូងនេះ បានបង្ហាញការគាំទ្រពេញទំហឹង ដោយមិនគិតពីផលតបស្នង ពោលគឺលោកចង់ចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាកម្ពុជា ជាក់ស្ដែងកីឡាប្រដាល់សកល ដ្បិតលោកសម្លឹងឃើញធនធានកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជាមានសក្ដានុពលល្អ ក្នុងការស្វែងរកមេដាយលើឆាកអន្ដរជាតិ។ ដូច្នេះលោករំពឹងថា ការប្រកួតកាន់តែច្រើន នឹងធ្វើឲ្យពួកគេអភិវឌ្ឍសមត្ថភាពកាន់តែរីកចម្រើន។

អគ្គលេខាធិការសហព័ន្ធលោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា កម្មវិធី Ultimate Boxing Championship 2021 បង្កើតឡើងស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល នៅកម្ពុជាឲ្យក្លាយជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព និងមានសក្តានុពលនៅក្នុងតំបន់ និងអន្តរជាតិ ពិសេសក្រុមជម្រើសជាតិ ដើម្បីទិសដៅប្រកួតប្រជែងមេដាយជូនជាតិតែម្ដង។

តាមការគ្រោងទុកកម្មវិធីនេះ គ្រោងរៀបចំការប្រកួតចំនួន ២លើកនៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្សរបស់លោក ស៊ន អេលីត ដោយរៀបចំចន្លោះពី ១សប្ដាហ៍ម្ដង ទៅ ២សប្ដាហ៍ម្ដង ខណៈការប្រកួតលើកទី១ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញាចុងសប្ដាហ៍នេះ និងមាន ៦គូ ទាំងកីឡាករជម្រើសជាតិ និងកីឡាករ-កីឡាការិនីមកពីបណ្ដាក្លិបរាជធានី-ខេត្តមួយចំនួន។ ដោយគោរពវិធានការសុខាភិបាល កម្មវិធីនេះ មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់នោះទេ ដែលសហព័ន្ធនឹងមានការផ្សាយផ្ទាល់ Page ផ្លូវការរបស់ខ្លួន។

ទន្ទឹមជាមួយគ្នា ដើម្បីពង្រីកកម្មវិធីនេះឲ្យកាន់តែធំ សហព័ន្ធក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនឯកជន សប្បុរសជន និងអ្នកគាំទ្រ វិស័យកីឡាប្រដាល់សកលទាំងអស់ ចូលរួមគាំទ្រដល់ការរៀបចំកម្មវិធីប្រកួតនេះឱ្យបានច្រើនកុះករ ដើម្បីឱ្យសហព័ន្ធអាចមានលទ្ធភាព និងសមត្ថភាពរៀបចំកម្មវិធីប្រកួតនេះបន្តទៀត ពិសេសឈានទៅរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ និងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនាពេលខាងមុខផងដែរ៕