(ប៉ារីស)៖ ប្រធានផ្នែកកីឡារបស់ក្លិប Paris St. Germain លោក Leonardo ជឿជាក់ថា កីឡាករខ្សែប្រយុទ្ធ Kylian Mbappe នឹងបន្តកិច្ចសន្យារបស់លោកជាមួយក្លិប នៅពេលចប់រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្លិប Real Madrid ព្យាយាមដើម្បីចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នៅពេលកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយ។ នៅអំឡុងពេលបិទបញ្ចប់ទីផ្សារដោះដូរកីឡាករ ប៉ុន្តែក្លិបលេងនៅលីគ Ligue 1 របស់បារាំងនេះបានចាត់ទុកថា ការផ្តល់ជូនរបស់ក្លិប Real មានតម្លៃទាបពេក។

«ការពិតដែលថា គាត់បន្តនៅនោះ គឺជារឿងតែមួយគត់ដែលអាចកើតឡើង។ យើងមិនដែលគិតអំពីការធ្វើអ្វីៗទាំងអស់នេះដោយគ្មានកីឡាករ Kylian នោះទេ។ យើងមិនសប្បាយចិត្ត នឹងអាកប្បកិរិយារបស់ក្លិប Real Madrid ឡើយ»។ នេះបើតាមសម្តីលោក Leonardo បានប្រាប់ទូរទស្សន៍បារាំង Canal Plus។

«ខ្ញុំមិនគិតថា Kylian នឹងចាកចេញនៅពេលចប់រដូវកាលនេះនោះទេ។ ទំនាក់ទំនងរបស់ Mbappe ជាមួយ PSG គឺជ្រាលជ្រៅ។ ខ្ញុំមិនគិតថា អ្នកគ្រប់គ្នានៅទីនេះ នឹងបានឃើញពីអនាគតដោយគ្មានវត្តមានគាត់ឡើយ»។ លោក Leonardo បានបន្ថែម។

Mbappe មានទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការប្រកួតលីគ Champions League នាថ្ងៃពុធនេះ ដែលត្រូវប៉ះជាមួយក្រុម Club Brugge ដោយនឹងលេងជាមួយកីឡាករ Lionel Messi ដែលបានចូលរួមជាមួយក្លិបកាលពីខែមុន និងកីឡាករ Neymar ផងដែរ៕