(ភ្នំពេញ)៖ គិតមកដល់ពេលនេះ សម្រាប់ការប្រកួតពានរង្វាន់វគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ឆ្នាំ២០២១ ត្រូវបានបញ្ចប់ជើងទី១ រួចរាល់ហើយ ដោយក្រុមគិរីវង់សុខសែនជ័យ បានលេងស្មើទល់នឹងនគរបាលជាតិក្នុងលទ្ធផល ០-០ នាថ្ងៃពុធ ទី១៥ ខែកញ្ញា និងបានឡើង TOP-8 (៨ក្រុមកំពូលតារាង) ក្នុងការប្រកួតប្រជែងនៅជើងទី២ បន្តទៀតដែរ ក្រោយពីបានបង្គ្រប់សប្តាហ៍ទី៩ ជើងទី១។

គួររំលឹកដែរថា គិរីវង់កាលពីសប្តាហ៍ទី១១ បានលេងចាញ់ក្រោមថ្វីជើងរបស់ក្រុមណាហ្គានៅក្នុងលទ្ធផល ២-៥ កាលពីថ្ងៃសៅរ៍ ទី១១ ខែកញ្ញាកន្លងទៅ នៅក្នុងទឹកដីរបស់ខ្លួនក្នុងនាមជាក្រុមបានឆ្លងកាត់ ១២ប្រកួត ឈ្នះ ៤ដង ស្មើ១ និងចាញ់ ៧ដងបានឈរនៅចំណាត់ថ្នាក់លេខ៨ មាន ១៣ពិន្ទុ និងបានឡើង TOP-8 ក្នុងការប្រកួតប្រជែងនៅជើងទី២ បន្ថែមទៀតដែរ។

ចំណែកឯកក្រុមនគរបាលជាតិវិញ នៅសប្តាហ៍ទី១៣ ក៏បានលេងចាញ់ក្រុមព្រះខ័នរាជស្វាយរៀង យ៉ាងចាស់ដៃ នៅក្នុងផល ៥-០ នាថ្ងៃសៅរ៍ ទី១១ ខែកញ្ញា កន្លងទៅ។ នគរបាលជាតិវិញ ឆ្លងកាត់១២ប្រកួតកន្លងមកនេះដូចគ្នា ស្មើ ៣ដង និងចាញ់ ៩ដង មិនដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយ នៅបាតតារាង លេខរៀងទី១៣ មាន ៣ពិន្ទុ និងកំពុងតែនៅតំបន់ក្រហមដែលនឹងត្រូវកាត់ចេញពីលីគកំពូលកម្ពុជាផងដែរ៕