(រីយ៉ូ)៖ វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Pele ត្រូវបានផ្លាស់ប្តូរចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ, ១០ថ្ងៃ បន្ទាប់ពីទទួលការវះកាត់ ដើម្បីយកដុំសាច់ ចេញពីពោះវៀនធំរបស់លោក, នេះបើតាមការបញ្ជាក់ពីមន្ទីរពេទ្យ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

បុរសវ័យ៨០ឆ្នាំរូបនេះ នឹងបន្តទទួលការសម្រាកព្យាបាល នៅបន្ទប់ធម្មតា, នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយមន្ទីរពេទ្យ Albert Einstein នៅទីក្រុង Sao Paulo។ សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ថា នៅពេលណាដែលលោកនឹងត្រូវអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យនោះទេ។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Pele បានទទួលរងនូវបញ្ហាជំងឺជាបន្តបន្ទាប់ រួមមានទាំងផលវិបាក ទាក់ទងនឹងការវះកាត់ប្តូរត្រគាក ក៏ដូចជាស្ថានភាពតម្រងនោម និងក្រពេញប្រូស្តាតផងដែរ៕