(អ៊ីស្លាម៉ាបាដ)៖ ក្រុមកីឡាការិនី មកពីក្រុមបាល់ទាត់យុវនារី របស់អាហ្វហ្គានីស្ថាន បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ហើយនឹងស្វែងរកសិទ្ធជ្រកកោននយោបាយ នៅក្នុងប្រទេសទីបី ចំពេលមានការព្រួយបារម្ភ អំពីស្ថានភាពនៃអត្តពលិកនារី ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលតាលីបង់ថ្មី នៅរដ្ឋធានីកាប៊ុល, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
មនុស្សចំនួន៨១នាក់, ក្នុងនោះរួមមានក្រុមយុវកីឡាការិនី, គ្រូបង្វឹក និងក្រុមគ្រួសាររបស់ពួកគេ បានធ្វើដំណើរទៅដល់ប៉ាគីស្ថាន តាមរយៈការឆ្លងព្រំដែន Torkham, នេះបើយោងតាមសម្តីលោក Umar Zia មន្ត្រីជាន់ខ្ពស់ របស់សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន បានឲ្យដឹងនាថ្ងៃពុធនេះ។ លោកបន្ថែមថា មនុស្ស៣៤នាក់ទៀត នឹងមកដល់នាថ្ងៃព្រហស្បតិ៍។
លោក Umar Zia បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេ នឹងស្នាក់នៅស្ថិតក្រោមការការពារសុវត្ថិភាពយ៉ាងតឹងរឹង មុនពេលដាក់ពាក្យស្វែងរកសិទ្ធជ្រកកោន នៅក្នុងប្រទេសទីបី។
«ពួកគេនឹងទៅកាន់ប្រទេសមួយចំនួនទៀត បន្ទាប់ពី៣០ថ្ងៃ ខណៈអង្គការអន្តរជាតិមួយចំនួន បាននឹងកំពុងធ្វើការ ដើម្បីបញ្ជូនពួកគាត់ ទៅកាន់ប្រទេសផ្សេងទៀត ក្នុងនោះរួមមាន៖ ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក និងអូស្ត្រាលី», នេះបើតាមសម្តីលោក Zia។
អង្គការអន្តរជាតិបាល់ទាត់សន្តិភាព បានជួយរៀបចំការធ្វើដំណើររបស់ពួកគេ ពីអាហ្វហ្គានីស្ថាន និងបានទៅដល់ប៉ាគីស្ថាន។
គួររំលឹកថា នៅពេលដែលក្រុមអ៊ីស្លាមតាលីបង់ បានកាន់អំណាចអាហ្វហ្គានីស្ថាន កាលពីពេលមុន ពោលគឺពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១, ក្មេងស្រី មិនត្រូវបានគេអនុញ្ញាតឲ្យចូលរៀន ហើយស្ត្រីត្រូវបានហាមឃាត់ ពីការធ្វើការងារ និងទទួលការអប់រំ។ ស្ត្រីត្រូវបានហាមឃាត់ ពីការលេងកីឡា ហើយទំនងជាត្រូវបន្ត នៅក្នុងរដ្ឋាភិបាល នាពេលនេះផងដែរ។
អតីត និងកីឡាការិនីបាល់ទាត់បច្ចុប្បន្នជាច្រើនរូប បានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់ បានឡើងកាន់អំណាច កាលពីខែមុន៕