(អាប៊ូដាប៊ី)៖ ការប្រកួតដែលនៅសេសសល់នៃរដូវកាលប្រកួតកីឡាគ្រីឃីត ព្រឹត្តិការណ៍ Indian Premier League (IPL) ឆ្នាំ២០២១ នឹងមានវត្តមានអ្នកគាំទ្រវិលត្រឡប់ទៅកាន់ពហុកីឡដ្ឋានវិញ នៅពេលដែលព្រឹត្តិការណ៍នេះបន្តចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍នេះ នៅសហព័ន្ធ អារ៉ាប់រួម។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

រដូវកាល IPL ត្រូវបានផ្អាកកាលពីខែឧសភា ជាមួយនឹង ៣១ប្រកួតនៅសេសសល់ បន្ទាប់ពីកីឡាករ និងបុគ្គលិកគាំទ្រមួយចំនួន ត្រូវបានគេរកឃើញវិជ្ជមាន COVID-19 ចំពេលមានរីករាលដាលយ៉ាងអាក្រក់នៃរលកទី២ ក្នុងប្រទេសឥណ្ឌា។

«ការប្រកួតនឹងត្រូវធ្វើឡើងនៅទីក្រុង Dubai, Sharjah និងរដ្ឋធានី Abu Dhabi របស់សហព័ន្ធអារ៉ាប់រួម ជាមួយនឹងចំនួនអ្នកទស្សនាត្រូវបានកំណត់ និងត្រូវមានវត្តមានតាមពិធីសារសុខាភិបាល និងច្បាប់របស់រដ្ឋាភិបាលសហព័ន្ធអារ៉ាប់រួម ដើម្បីបង្ការជំងឺ COVID-19»។ នេះបើតាមអ្នករៀបចំកម្មវិធី បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

យ៉ាងណាក្តី អ្នករៀបចំមិនបានបង្ហាញជាក់លាក់ពីចំនួនអ្នកគាំទ្រ ដែលនឹងត្រូវអនុញ្ញាតឲ្យចូលរួម ឬក៏តម្រូវឲ្យមានបង្ហាញលិខិតបញ្ជាក់ចាក់វ៉ាក់សាំង សម្រាប់ការចូលទស្សនានោះទេ៕