(អាមេរិក)៖ ក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្ដើមបើកការស៊ើបអង្កេតផ្ទៃក្នុងទៅលើបណ្ដាញសង្គម Instagram ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់វ័យជំទង់ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់វ័យជំទង់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន Facebook បានបើកការស៊ើបអង្កេតជាសម្ងាត់ និងផ្ទៃក្នុងទៅលើបញ្ហាមួយចំនួនទាក់ទងនឹងការប្រើប្រាស់របស់ក្មេងវ័យជំទង់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែមិនបានបង្ហាញរបាយការណ៍ នៃការស៊ើបអង្កេតនោះឡើយ ហើយការស៊ើបអង្កេតសម្ងាត់នេះក៏ទទួលបានការរិះគន់ពីសំណាក់ អ្នកប្រើប្រាស់វិញផងដែរ ព្រោះវាបាន ប៉ះពាល់ ដល់សិទ្ធិឯកជនភាពរបស់ពួកគេ។

ថ្មីៗនេះអ្នកប្រើប្រាស់វ័យជំទង់ បានបង្ហាញអារម្មណ៍ពិតរបស់ពួកគេថា Instagram បច្ចុប្បន្នហាក់មិនមានសុវត្ថិភាពសម្រាប់ពួកគេ ហើយ ពួកគេមានអារម្មណ៍ធុញថប់នឹងការប្រើប្រាស់។ អ្វីដែលពួកគេបានសង្កេតឃើញរាល់ថ្ងៃនៅលើបណ្ដាញ Instagram គឺរូបភាពនៃការធ្វើអត្តឃាត, រូបភាពនៃការរើសអើង, រូបភាពនៃការមើលងាយ សើចចំអក, រូបភាពនៃការរំលោភបំពានផ្លូវភេទ, រូបភាពអាក្រក់ៗ ផ្សេងៗជាច្រើនទៀត។

ពាក់ព័ន្ធនឹងរូបភាពអស់ទាំងនោះ បានធ្វើឱ្យអ្នកប្រើប្រាស់វ័យជំទង់មានអារម្មណ៍ធុញថប់ និងមិនចង់ប្រើប្រាស់បណ្ដាញសង្គមមួយនេះ ទៀត ទេ ហេតុនេះហើយទើបធ្វើឱ្យ Facebook សម្រេចចិត្តធ្វើការសង្កេតផ្ទៃក្នុងឡើងវិញម្ដងទៀតទៅលើករណីខាងលើនេះ។

ប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះ Facebook ធ្លាប់មានបំណងចង់បង្កើត Instagram Youth សម្រាប់ក្មេងវ័យជំទង់ ប៉ុន្តែត្រូវបាន រដ្ឋាភិបាលអាមេរិកស្នើសុំឱ្យបញ្ឈប់គម្រោងមួយនេះ និងបានជំរុញឱ្យពង្រីងទៅលើផ្ទៃក្នុងវិញដើម្បីទប់ ស្កាត់ សកម្មភាពផ្សេងៗ។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ Facebook បានបង្ហើបអំពីគម្រោងបង្កើតការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ក្មេងក្រោមអាយុ ១៣ឆ្នាំ នៅលើ Instagram ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ៕