(អាមេរិក)៖ ក្រុមហ៊ុន Facebook បានចាប់ផ្ដើមដំណើរការសាកល្បងមុខងារថ្មីនៅលើកម្មវិធី WhatsApp ដែលផ្ដល់ភាពងាយស្រួលដល់ អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្ដីប្រកាសរបស់ Facebook បានឱ្យដឹងថា ចាប់ពីពេលនេះតទៅសម្រាប់អ្នកប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងប្រទេសប្រេស៊ីលគឺអាចធ្វើការស្វែងរកបញ្ជីឈ្មោះអាជីវកម្ម (Business Listing ឬ (Business Directory) នៅលើ WhatsApp App បានដោយផ្ទាល់។

ការបន្ថែមមុខងារថ្មីនេះ ត្រូវបានអ្នកឃ្លាំមើលយល់ឃើញថា Facebook បាននិងកំពុងតែពង្រីកវិសាលភាព និងឥទ្ធិពលរបស់ WhatsApp ទៅលើអាជីវកម្ម e-commerce ព្រោះថាបើសិនជាមុខងារស្វែងរកបញ្ជីឈ្មោះអាជីវកម្ម (Business Listing ឬ (Business Directory) ដំណើរការបានដោយរលូនមែននោះ នោះ Facebook នឹងអាចស្វែងរកប្រាក់ចំណូលបានច្រើនសន្ធឹកពី មុខងារមួយនេះ។

លោក Matt Idema អគ្គនាយករងទទួលបន្ទុកផ្នែក Business Messaging របស់ Facebook បានបញ្ជាក់ថា កម្មវិធី WhatsApp គឺខុសគ្នាពី Facebook និង Instagram ព្រមទាំងមិនស្វែងរកប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មឡើយ ប៉ុន្តែ WhatsApp នឹងក្លាយជា Platform មួយដែលបម្រើឱ្យវិស័យ e-commerce។

តាមការបញ្ជាក់ពី Facebook បានឱ្យដឹងថា សម្រាប់ការសាកល្បងនេះគឺមានបញ្ជីឈ្មោះអាជីវកម្ម រាប់ពាននៅក្នុង WhatsApp ដោយក្នុងនោះមានហាងម្ហូបអាហារ ហាងលក់ទំនិញ ក្រុមហ៊ុនផ្ដល់សេវាកម្មក្នុងស្រុក និងក្រុមហ៊ុនមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook គ្រោងនឹងពង្រីកការសាកល្បងទៅលើមុខងារមួយនេះ ទៅកាន់ប្រទេសពីរបន្ថែមទៀត គឺឥណ្ឌា និងឥណ្ឌូនេស៊ី៕