(ភ្នំពេញ)៖ អតីតតារាបង្ហាញម៉ូដ និងជាតារាសម្ដែង ប្រាសាទ ដាវីន ដែលបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងកម្មវិធីសប្បុរសធម៌មួយ ឧបត្ថម្ភដោយរូបនាងផ្ទាល់ ហើយត្រូវរៀបចំប្រគល់ជូនដល់សិស្សឆ្នើមនៅថ្ងៃនេះ។ ការលេចមុខដ៏កម្របែបនេះ ត្រូវបានគេមើលឃើញថា ប្រាសាទ ដាវីន ហាក់លែងព្រួយបារម្ភពីសុវត្ថិភាពរបស់នាង និងគ្រួសារទៀតហើយ ក្នុងនោះស្វាមីរបស់នាង ក៏បង្ហាញវត្តមានព្រមគ្នាក្នុងកម្មវិធីនេះដែរ។

នៅប៉ុន្មាននាទីមុននេះ គណនីហ្វេសប៊ុកមួយឈ្មោះថា Naroth Phann បានបញ្ចេញសារ អមដោយរូបភាពអតីត តារាបង្ហាញម៉ូដ និងជាតារាសម្ដែង ជាមួយនឹងក្រុមគ្រួសាររបស់នាងថា «កម្មវិធីប្រគល់រង្វាន់ដល់សិស្សឆ្នើម របស់សមាគមទុកចិត្ត ឧបត្ថម្ភដោយប្អូនស្រី ប្រាសាទ ដាវីន ក្រុមគ្រួសារ និងមិត្តៗរបស់គាត់។ សូមម្ចាស់ទានបាននូវ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ!»

ការបង្ហាញរូបភាពយ៉ាងកម្រនេះ ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះនៅសុខៗស្រាប់តែ ប្រាសាទ ដាវីន មានវត្តមាននៅក្នុងប្រទេសកម្ពុជា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងប្រទេសនានាលើពិភពលោក កំពុងតែរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ គណនីហ្វេសប៊ុកខាងលើ មិនបានបង្ហាញពីទីតាំងពិតប្រាកដ ដែលអតីតតារាបង្ហាញ ប្រាសាទ ដាវីន និងស្វាមីទៅប្រគល់ពានរង្វាន់នោះឡើយ ដោយគ្រាន់តែដឹងថា នៅតាមទីជនដាច់ស្រយាលមួយ ក្នុងប្រទេសកម្ពុជា។

ប្រាសាទ ដាវីន គឺជាតារាសម្ដែង និងជាតារាម៉ូដែលស្រីមួយដួង មានទេពកោសល្យពិតពីធម្មជាតិ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ ដែលកម្រមាននារីណា មានសម្រស់ធម្មជាតិស្អាតដូចជារូបនាង។ តារារូបនេះ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀសខ្លួន ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។ យ៉ាងណាមិញ ទោះត្រូវឃ្លាតឆ្ងាយពីពិភពសិល្បៈមួយរយៈធំក៏ដោយ ប៉ុន្ដែកាលពីឆ្នាំ២០១៦ កន្លងទៅ គេក៏ឃើញ ប្រាសាទ ដាវីន មានវត្តមានក្នុងវិស័យសិល្បៈខ្មែរឡើងវិញ។

តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshie girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះនាងមានវ័យ១៧ឆ្នាំ និងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ កំពស់ ១,៧៥ ម៉ែត្រ។

សូមបញ្ជាក់ថា អតីតតារាម៉ូដែលល្បីឈ្មោះ ប្រាសាទ ដាវីន បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅរស់នៅអូស្ត្រាលី និងមានប្ដី មានកូន សាងគ្រួសារយ៉ាងមានក្ដីសុខនៅទីនោះ។ យូរៗម្ដងទើបគេបានឃើញតារាម៉ូដែលរូបនេះ មកលេងប្រទេសកំណើតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនាងមិនបានចូលសម្ដែង ឬបង្ហាញម៉ូដឲ្យជាប់លាប់ដូចមុនទៀតឡើយ៕