(ភ្នំពេញ)៖ ខ្សែបម្រើ-ប្រយុទ្ធណាហ្គាវើលដ៏ សារី ម៉ាត់ណូរ៉ូទីន បានសម្ដែងការសប្បាយចិត្ត ក្រោយបានត្រឡប់ចូលទីលានប្រកួតវិញ បន្ទាប់ពីខកខានអស់រយៈពេល ៣០៨ថ្ងៃ ដោយសាររបួសដាច់សរសៃជង្គង់ កាលពី ១ឆ្នាំមុន។

អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះបានអះអាងថា ទាំងការហ្វឹកហាត់ ក៏ដូចជាការប្រកួតខ្លួនបានវិលមករកសភាពដើម ១០០% វិញហើយ តែយ៉ាងណារូបគេ នឹងខិតខំប្រឹងបន្ថែមទៀត ដោយផ្ដោតលើខ្លួនឯង ក៏ដូចជាក្រុម ដើម្បីមានឱកាសចូលលេងក្នុងជម្រើសជាតិ ១១នាក់ដំបូង។

កីឡាករស៊ុតបញ្ចូលទីកូរ៉េខាងជើង ១គ្រាប់ឲ្យក្រុម U22 កម្ពុជា ក្នុងវគ្គជម្រុះពូល G នៃពានរង្វាន់ AFC U23 Championship 2016 នៅថៃរូបនេះ បានបញ្ជាក់ថា «សម្រាប់ទម្រង់លេងរបស់ខ្ញុំ ខ្ញុំគិតថា នៅតែធម្មតា ហើយកាន់តែមានទំនុកចិត្តលើខ្លួនឯង ព្រោះខ្ញុំបានឆ្លងកាត់របួសរបស់ខ្ញុំរយៈពេល ៣០៨ថ្ងៃ ទើបខ្ញុំអាចចូលទីលានវិញបាន។ ចឹងខ្ញុំជឿជាក់លើខ្លួនឯងថា ខ្ញុំកាន់តែមានទំនុកចិត្តសម្រាប់ការវិលត្រឡប់មកវិញ»

ការលើកឡើងរបស់ខ្សែបម្រើ-ប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបានទទួលសេចក្ដីទុកចិត្តពីគ្រូបង្វឹក លោក មាស ចាន់ណា ធ្វើការផ្លាស់ប្ដូរចូលលេងនៅវគ្គទី២ នាការប្រកួត ២លើកចុងក្រោយ ដោយបានរួមចំណែកជួយក្រុមណាហ្គាយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៥-២ និងបន្ដរួមចំណែកជួយក្រុមយកឈ្នះម្ចាស់ផ្ទះខេត្តព្រៃវែង ដោយលទ្ធផល ៤-៣ ក្នុងជំនួបបញ្ចប់ជុំទី១ ម្សិលមិញ។

គួរដឹងថា ម៉ាត់ណូរ៉ូទីន បានរបួសជង្គង់ និងឈានដល់ការវះកាត់ចំនួន ២លើកដោយលើកទី១-បន្ទាប់ពីរូបគេផ្ទេរពីណាហ្គាវើលដ៏ ទៅវិសាខា ក៏បានជួបបញ្ហាបែបនេះកាលពីដើមឆ្នាំ២០១៩។ បន្ទាប់មករូបគេ ក៏បានផ្ទេរពីវិសាខា មកទ្រនំចាស់វិញ ក្នុងជើងទី២ កាលពីឆ្នាំ២០២០ ប៉ុន្ដែក្រោយលេងបានប៉ុន្មានប្រកួត រ៉ូទីន បានរបួសដាច់សរសៃជង្គងម្ដងទៀតកាលពីពាក់កណ្ដាលខែកញ្ញា អំឡុងពេលប្រកួតជាមួយក្រុមកងយោធពលខេមរភូមិន្ទ រហូតមកទល់ពេលនេះ ទើបរូបគេបានជាសះស្បើយ និងបានចូលលេងវិញ៕